កាលពីថ្ងៃអង្គារកន្លងមក ស្ត្រីម្នាក់ត្រកូលលី បានរាយការណ៍ប្រាប់ប៉ូលិស ព្រោះឮស្នូរចម្លែកក្នុងផ្ទះ ខណៈពេលដែលនាងទៅទទួលកូននៅសាលា ត្រឡប់មកវិញ ហើយសោរផ្ទះចាក់ពីខាងក្នុង រីឯប្តីរបស់នាងបានទៅធ្វើការតាំងពីព្រឹក ពុំនឹកស្មានថា … ។
ហេតុការណ៍នេះកើតឡើងនៅក្រុងចូវចូវ ខេត្តជឺជាំង ប្រទេសចិន ។
ទទួលបានរបាយការភ្លាម ប៉ូលិសក៏មកដល់ ហើយស្តាប់នាងលីរៀបរាប់ ។ ប៉ុន្តែនៅពេលពួកគេសម្រុកចូលដល់ក្នុងផ្ទះត្រួតពិនិត្យ បែរជាឃើញប្តីរបស់នាងលីត្រកូល Ding កំពុងតែពួនក្នុងទូរខោអាវ ។
ប្តីញៀនហ្គេមរូបនេះ បានពួនសម្ងំក្នុងទូខោអាវ ព្រោះខ្លាច… ភរិយាស្តីឲ្យ ។
ទោះបីជាប្រឹងបកស្រាយហេតុការណ៍ជាមួយប៉ូលិស និងភរិយាតែ Ding នៅតែត្រូវចាប់ខ្លួន ។ ស្វាមីរូបនេះនៅត្រូវបានប៉ូលិសទាមទារបង្ហាញលិខិតរៀបអាពាហ៍ពិពាហ៍ ធ្វើជាភស្តុតាងនៃទំនាក់ទំនង…ប្តីប្រពន្ធថែមទៀត ។
ចុងក្រោយ Ding សារភាពថា ខ្លួនបានសម្រេចចិត្តធ្វើពុតជាឈឺ រួចសុំច្បាប់ឈប់១ថ្ងៃ បន្ទាប់មកក៏គេចមកផ្ទះដើម្បីលេងហ្គេម ។ គួរឲ្យស្តាយ ដែលភរិយាខ្លួន ឆាប់មកផ្ទះពេក! ។ ពេលឮស្នូរប្រពន្ធនៅមាត់ទ្វារក៏លោតចូលសម្ងំក្នុងទូ បំណងគេចពីការផ្ទុះកំហឹងរបស់ភរិយា !? ៕ លីសា