ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត ការប្រារព្ធទិវានយោបាយឈ្នះ-ឈ្នះ និងជោគជ័យនៃការបញ្ចប់សង្គ្រាម គឺគ្រប់គ្រាន់នឹងទិវាសន្តិភាពហើយ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនបង្កើតទិវាសន្តិភាពទៀតនោះទេ ពីព្រោះទិវានយោបាយឈ្នះ-ឈ្នះ និងជោគជ័យនៃការបញ្ចប់សង្គ្រាមស៊ីលវិលនៅកម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ នេះ គឺមានអត្ថន័យជា “ទិវាសន្តិភាព ” ស្រាប់ហើយ។

នៅសល់ ២ថ្ងៃទៀត កម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍ លើកទី២៥ នៃការសម្រេចបាននូវនយោបាយឈ្នះ-ឈ្នះ និងភាពជោគជ័យនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣។ ថ្ងៃមុន មានគេលើកយោបល់ថា គួរតែមានទិវាសន្តិភាពដែរទេ? ខ្ញុំថា មិនបាច់មានទិវាសន្តិភាពទេ ទិវាបញ្ចប់សង្គ្រាម និងបង្រួបបង្រួមទឹកដីនេះហើយ ដែលអត្ថន័យវា គឺ ” ទិវាសន្តិភាព ” ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភដែលកើតមានរហូតមកដល់ថ្ងៃនេះ គឺបានពីការបញ្ចប់សង្គ្រាមកាលពី២៥ឆ្នាំមុន ហើយបន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។ យើងត្រូវដាក់ទិសដៅថា អ្វីដែលមានដូចសព្វថ្ងៃនេះ ត្រូវតែធានាកុំឱ្យថយទៅរកស្ថានភាពសង្គ្រាមកាលពី៤៥ឆ្នាំមុន ពោលគឺត្រូវធានាសុខសន្តិភាពឱ្យបានជាដាច់ខាតជូនប្រជាពលរដ្ឋ និងអ្វីដែលមានក្នុងប្រទេសជាតិទាំងមូល។

ប្រទេសកម្ពុជាគ្រប់ទីកន្លែង គឺសុទ្ធតែធ្លាប់រងទុក្ខដោយសារសង្គ្រាម ប្រជាពលរដ្ឋរស់នៅវេទនាជូរចត់កាលពីជំនាន់ខ្មែរក្រហម។ នេះគឺជាសច្ចភាពនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវជៀសវាងកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នោះត្រឡប់មកកើតមានម្ដងទៀត។ ការលើកឡើងពីប្រវត្តិសាស្ត្រ ប្រវត្តិសង្គ្រាមកាលពីអតីតកាលនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋចងចាំពីប្រវត្តិសាស្ត្រ ហើយប្រៀបធៀបមកដល់ពេលបច្ចុប្បន្នថា ប្រទេសយើងដើរដល់ណាហើយ? កាលនៅមានសង្គ្រាម ប្រទេសយើងស្ថិតក្នុងស្ថានភាពក្រលំបាកតោកយ៉ាកខ្វះខាតរបៀបម៉េច? ចាក់ផុតសង្គ្រាម មកមានសន្តិភាព ប្រទេសយើងអភិវឌ្ឍន៍លើគ្រប់វិស័យ មានសិទ្ធិសេរីភាពគ្រប់យ៉ាង និងភាពមានបាន, ព្រមទាំងការអភិវឌ្ឍន៍មានអ្វីៗដូចសព្វថ្ងៃ តើវាខុសគ្នារបៀបម៉េចនឹងអតីតកាលនៃសង្គ្រាម?!៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម