ចោរម្នាក់នៅអាមេរិក ទើបតែ “ផ្ញើ” សងមកវិញនូវទឹកប្រាក់ដែលខ្លួនបានលួច ភ្ជាប់ជាមួយសំបុត្រសុំទោសមិនធ្លាប់មាន! -នេះបើតាម UPI ។
ជនរងគ្រោះគឺនាង Susan Mc Nabb ដែលបានភ្លេចកាបូបមានលុយ ១៦០ USD នាងហាងមួយនៅ Clinton រដ្ឋ Arkansas ។
ពេលនាងដឹងថា ខ្លួនបានភ្លេច ក៏វិលមកវិញ ឃើញតែកាបូប ចំណែកលុយបានបាត់អស់ ។ នាងក៏ទៅប្តឹងប៉ូលិស ។
ប្រមាណជា ៤ សប្តាហ៍មុន ប៉ូលិសបានទូរស័ព្ទឲ្យ McNabb ឲ្យមកការិយាល័យរបស់ខ្លួន ហើយប្រាប់ថា មានអ្នកណានោះបានមកកាន់ប៉ុស្តិ៍ប៉ូលិស រួចបន្សល់ទុកស្រោមសំបុតមួយមានលុយ 160 USD ហើយលិខិតមួយច្បាប់ ។
លិខិតនោះសរសេរថា ៖ “ផ្ញើជូនស្ត្រីដែលភ្លេចកាបូបនៅ Walmart… សុំលើកលែងទោសឲ្យខ្ញុំផង ព្រោះខ្ញុំបានប្រឹងប្រែងដើម្បីធ្វើជាមនុស្សល្អ តែថ្ងៃនោះខ្ញុំរងបរាជ័យយ៉ាងអាម៉ាស់!” ។
ប៉ូលិសប្រាប់ថា អ្នកបន្សល់ទុកលិខិតនេះ ជាស្ត្រីម្នាក់ ។ McNabb ប្រាប់ទូរទស្សន៍ KARK-TV ថា ៖ ការប្រែប្រួលផ្លូវចិត្តរបស់ចោរម្នាក់នេះ បានផ្តល់កម្លាំងចិត្ត ជំរុញខ្ញុំឲ្យធ្វើសប្បុរសធម៌ច្រើនជាងមុន ៕ លីសា