នាវាមុជទឹកមួយគ្រឿង របស់ប្រទេសអាហ្សង់ទីន ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ រហូតមកដល់ពេលនេះ ការរុករកមិនទាន់មានតំរុយនៅឡើយទេ។
នាវាមុជទឹកដើរដោយថាមពលអគ្គិសនីឈ្មោះ ARA San Juan បានបាត់ខ្លូនកាលពីថ្ងៃ ពុធអាទិត្យមុន ជាមួយនឹងមនុស្សចំនួន ៤៤នាក់។ ក្រុមរុករកកំពុងបន្តប្រតិបត្តិការស្វែងរកនាវានោះ ប៉ុន្តែការស្វែងរកត្រូវបានញាំញីដោយបញ្ហាអាកាសធាតុ។
ក្រុមរុករកមកពីប្រទេសជាច្រើនបានចូលរួមក្នុងប្រតិបត្តិការ។ កងទ័ពជើងទឹកអាមេរិចក៍បានបញ្ជូននាវាទី ២ ដែលបំពាក់ដោយឧបករណ៍ពិសេសក៍បានចូលរួមផងដែរ។
នាវាមុជទឹកនោះ បានបាត់ខ្លួនចំងាយ ៤៣០គីឡូមែត្រពីឆ្នេរសមុទ្រ ប្រទេសអាហ្សង់ទីន។
កាលពីថ្ងៃសៅរិ៍កន្លងទៅនេះ មានតំរុញពីផ្កាយរណបដែលគេគិតថា មកពីនាវាបាត់ខ្លួននោះ ត្រូវបានចាប់បាននៅក្បែរឧបទ្វីប វ៉ាល់ដេស្ស (Valdez)។ យន្តហោះស្រាវជ្រាវរបស់ណាសា (Nasa) ត្រូវបានគេប្រើប្រាស់ដើម្បីចាប់យកតំបន់នោះ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។
បើតាមទ័ពជើងទឹករបស់អាហ្សង់ទីនបានឲ្យដឹងថា នាវាមុជទឹកដែលបាត់ខ្លួន មានអុកស៊ីសែន ចំណីអាហារ និងទឹកគ្រប់គ្រាន់ ដែលអាចផ្គត់ផ្គង់មនុស្សក្នុងនោះបានរហូតដល់ ២សប្តាហ៍៕ សុភ័ក្ត្រ