សម្រាប់ឪពុកម្តាយ គឺគ្មានអ្វីសប្បាយចិត្តដូចថ្ងៃដែលបានឃើញកូនម្តងទៀត នៅពេលពួកគេវិលត្រឡប់ពីសាលារៀន ឬធ្វើការនៅឆ្ងាយផ្ទះនោះទេ។ ហើយទន្ទឹមនឹងនោះ ទឹកភ្នែកនៃភាពរីករាយក៏បានស្រក់ហូរ ព្រោះមិនអាចបង្ហាញចេញជាពាក្យសម្ដី។
គេហទំព័រ SAOstar របស់ប្រទេសវៀតណាម បានរាយការណ៍ថា ស្ត្រីវ័យក្មេងម្នាក់ដែលបានធ្វើការនៅប្រទេសជប៉ុនជាយូរមកហើយបានសម្រេចចិត្តត្រឡប់ទៅផ្ទះដើម្បីទៅលេងម្តាយរបស់នាង ដោយមិនបានឲ្យដឹងដំណឹងជាមុននោះទេ ហើយបង្កើតឱ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីត្រឡប់ទៅប្រទេសវៀតណាមវិញ ដោយរូបនាងជាកូនស្រី និងមិត្តភក្តិដែលថតឃ្លីប បានទៅកន្លែងលក់របស់ម្តាយភ្លាម ដើម្បីចង់សាកទឹកចិត្តគាត់។
នារីវ័យក្មេងនោះបានស្លៀកពាក់ជិតៗ រួមទាំងមានពាក់មួកទម្លាក់ចុះក្រោមបាំងភ្នែក និងពាក់ម៉ាស់ ដើរចូលសួររកទិញកំពឹស និងត្រីល្អិត ខណៈដែលស្រ្តីជាម្តាយនៅមិនទាន់ដឹងថាជាកូនស្រីរបស់គាត់នោះ គាត់បានបន្តណែនាំរបស់សម្រាប់លក់។ លុះពេលច្រកកំពឹសចូលទៅក្នុងថង់រួច នារីរូបនោះក៏បានហុចលុយជប៉ុនឲ្យ ធ្វើឱ្យស្រ្តីជាម្តាយមានការសង្ស័យ ហើយចាប់ផ្តើមសួរថា «នេះលុយអី?»។ ភ្លាមៗនោះ កូនស្រីដែលក្លែងខ្លួនធ្វើជាអ្នកទិញ បានឆ្លើយថា «លុយជប៉ុន»។
ស្រ្តីជាម្តាយបានបន្តសួរថា «លុយជប៉ុន តើនាងមកពីគ្រួសារណាដែរ?»។
ពេលនោះ នារីវ័យក្មេងដោយអត់ទ្រាំនឹងអារម្មណ៍រំភើបនៅពេលបានជួបម្ដាយតទៀតមិនបាន ក៏បានប្រញាប់ស្ទុះចូលទៅឱបម្ដាយដោយក្ដីនឹករឮកជាទីបំផុត ហើយសួរថា «ម៉ាក់ៗ គឺកូនណា ម៉ាក់អត់ចាំសំឡេងខ្លួនមែនទេ?»។ ពេលនោះទាំងម្តាយនិងកូនស្រី បានឱបគ្នាយំនៅកណ្តាលផ្សារ ហើយម្តាយមិនអាចនិយាយអ្វីបានទេ ដោយគាត់បានត្រឹមឱបកូនស្រី និងជូតទឹកភ្នែកប៉ុណ្ណោះ។
ពេលអ្នកជិតខាងឃើញ ក៏សួរថាមានរឿងអីកើតឡើង។ ស្រ្តីជាម្តាយប្រាប់គេឯងថា «កូនស្រីរបស់ខ្ញុំបានមកផ្ទះ»។
ភ្លាមៗនោះ វីដេអូឃ្លីបនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណិត។ មនុស្សជាច្រើនក៏បានរំជួលចិត្តតាម បន្ទាប់ពីបានឃើញការជួបជុំគ្នារវាងម្តាយនិងកូនស្រី ដែលបានឃ្លាតឆ្ងាយពីគ្នាច្រើនឆ្នាំបែបនេះ។
អ្នកលេងបណ្តាញសង្គមជាច្រើន បានចូលខមិនថា៖ «ទិដ្ឋភាពនេះធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក រាល់ពេលដែលខ្ញុំមើលពួកគេ ខ្ញុំស្រឡាញ់ឪពុកម្តាយខ្ញុំខ្លាំងណាស់»។ «ខ្ញុំស្រលាញ់ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការលំបាកទាំងអស់របស់គាត់ ឱ្យតែកូនរបស់គាត់មានសុខភាពល្អ ហើយនាងសប្បាយចិត្ត»។ «តាមពិតខ្ញុំជាមនុស្សប្រុស តែហេតុអ្វីខ្ញុំយំពេលមើលឃ្លីបបែបនេះ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង