ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីស សុខា ៖ ក្រសួងមហាផ្ទៃ កំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយ សម្រាប់តម្រង់ទិសដល់ការអនុវត្តតួនាទីរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ផ្តោតលើទិសដៅជាយុទ្ធសាស្រ្តចំនួន៦

ភ្នំពេញ៖ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងមហាផ្ទៃ ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤)។

ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះ មិនមែនជាទេវិកាសម្រាប់ជជែកសួរដេញដោលទេ តែនេះ ជាកិច្ចប្រជុំមួយដែលគណៈកម្មការទី៤ និងគណៈកម្មការជំនាញនានា នៃរដ្ឋសភា ចង់ដឹងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេស ផ្តោត លើ អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស្អាតស្អំតាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយសេដ្ឋកិច្ច និងរដ្ឋបាលក្នុងការដឹកនាំការគ្រប់គ្រងនិងការចាត់ចែងភារកិច្ចប្រទេសជាតិ ជាពិសេសធានានិរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈដោយផ្តោតការយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជនព្រមជាមួយការកសាង ជាតិ និងពង្រឹងនីតិរដ្ឋសំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាប័ននិងចីរភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមប្រធាន ក៏ដូចជាឯកឧត្តម លោកជំទាវសមាជិក សមាជិកា គណ:កម្មការជំនាញទាំង១០របស់រដ្ឋសភាថា ក្រសួងមហាផ្ទៃបាននិងកំពុងផ្តោតលើការពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងការងារនិងការផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមរយៈការបែងចែកការងារការធ្វើវិចារណកម្មមុខងារការកែសម្រួលរចនាសម្ព័ន្ធ និងរបៀបរបបការងាររបស់អង្គភាពនីមួយៗឱ្យឆ្លើយតបទៅនឹងអាទិភាពការងារ និងការវិវឌ្ឍនៃកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលព្រមទាំងបាននិងកំពុងគិតគូរកែទម្រង់មន្ត្រីនគរបាលមន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីពន្ធនាគារសម្រាប់រយៈពេលចំពោះមុខនិងរយៈពេលវែង។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃបានបន្តពង្រឹងស្ថាប័នបណ្តុះបណ្តាល រួមមានបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលាជាតិរដ្ឋបាលមូលដ្ឋានដើម្បីធានាដល់ការផ្តល់ការបណ្តុះបណ្ដាលអភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈជូនមន្ត្រីនគរបាល និងមន្ត្រីនៃ រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។ ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ រួមមានការកែសម្រួលសមាសភាព គ.ជ.អ.ប. និងគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ រៀបចំលិខិតបទដ្ឋានគតិយុត្តនិងការបណ្តុះបណ្តាលដល់មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងការអនុវត្តមុខងារអប់រំដែលត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេសពីឆ្នាំ ២០២៤តទៅ។ ជាមួយគ្នានេះ យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវបានបន្តពង្រឹងឱ្យកាន់តែមានលក្ខណៈងាយស្រួលឆាប់រហ័សតម្លាភាព និងប្រសិទ្ធភាពតាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យសម្រេចតាមគោលបំណងរំពឹងទុកក្រសួងមហាផ្ទៃកំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយសម្រាប់តម្រង់ទិសដល់ការអនុវត្តតួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ផ្តោតលើទិសដៅជាយុទ្ធសាស្រ្តចំនួន៦ដូចខាងក្រោម៖
យុទ្ធសាស្ត្រទី១: ការបន្តថែរក្សាសន្តិភាពដោយផ្តោតលើការពង្រឹងស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

យុទ្ធសាស្ត្រទី២: ការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើការពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សា និងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ វិស័យឯកជន ការពង្រឹងការគាំទ្រ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃលើការបំពេញ ការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

យុទ្ធសាស្ត្រទី៣: ការលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ ដោយផ្តោតលើការពង្រឹងការគ្រប់គ្រង ពន្ធនាគារតាមស្តង់ដាដែលធានាឱ្យមានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ការអភិវឌ្ឍ ជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំ និងការធ្វើសមាហរណកម្មជនដែលត្រូវបានដោះលែងទៅក្នុងសហគមន៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងការបំពាក់នូវឧបករណ៍សម្ភារឱ្យស្របតាមស្តង់ដាពន្ធនាគារ។

យុទ្ធសាស្រ្តទី៤: ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដោយផ្តោតលើការធ្វើវិចារណកម្មមុខងាររចនាសម្ព័ន្ធស្ថាប័ន និងរបៀបរបបធ្វើការងាររបស់អង្គភាពនីមួយៗនៃក្រសួងមហាផ្ទៃ ការពង្រឹងការគ្រប់គ្រងបុគ្គលិកការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការលើកកម្ពស់ការសិក្សាស្រាវជ្រាវលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពន្ធនាគារការពង្រឹងការអនុវត្តការងារសវនកម្មផ្ទៃក្នុងការធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹងក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ការពង្រឹងការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

យុទ្ធសាស្រ្តទី៥: ការជំរុញការងារបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់ការស្រាវជ្រាវការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលបម្រើការងារលើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពជំនាញឌីជីថលការផ្សព្វផ្សាយអប់រំ និងការបញ្ញាចំណេះដឹង។

យុទ្ធសាស្ត្រទី៦: ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោយផ្តោតលើការកែលម្អយន្តការ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃការពង្រឹង និងការកែលម្អយន្តការនិងនីតិវិធីទទួលដោះស្រាយបណ្ដឹង និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋការពង្រឹងប្រសិទ្ធភាពសេវាសុខាភិបាល ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ សមាគម អង្គការមិនមែនរដ្ឋាភិបាល។

ក្រោយពីបានស្តាប់នៅសេចក្តីរាយការណ៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួចមកឯកឧត្តមសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ហើយឯកឧត្តមមានជំនឿជឿជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិតជាមានសមត្ថភាពដឹកនាំក្រសួងមហាផ្ទៃទទួលបានវឌ្ឍនភាពថ្មីៗបន្ថែមទៀតក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាគឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» និងបន្តចូលរួមអនុវត្តកាន់តែសកម្ម និងរស់រវើកនូវគោលនយោបាយអភិវឌ្ឍន៍ក្នុងវិស័យការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ទាំង១២ចំណុចក្នុងកម្មវិធីនយោបាយផងដែរ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម