ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងរយៈពេល១ទសវត្សចុងក្រោយនេះ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសលើវិស័យនគរូបនីយកម្មនិងសំណង់ ការវិនិយោគ និងសេវាកម្ម។ល។ ទន្ទឹមនឹងការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សនេះ រាជធានីភ្នំពេញក៏ជួបនឹងបញ្ហាប្រឈមមួយចំនួន ដូចជាការ សាងសង់សំណង់ខុសច្បាប់ បញ្ហាអនាម័យបរិស្ថាន សោភ័ណ្ឌភាពទីក្រុង ការគ្រប់គ្រងកាកសំណល់ ទឹកកខ្វក់ ការកកស្ទះចរាចរ ជំនន់ទឹកភ្លៀងជាដើម។
ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធី”បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។

ឯកឧត្តម បានថ្លែងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមទាំងនេះបន្ថែមទៀត ដោយគិតគូររៀបចំ ផែនការនិងវិធានការនានាដែលត្រូវអនុវត្តជាក់ស្តែង ដោយផ្អែកលើផែនការមេប្រើប្រាស់ដីធ្លីរបស់រាជធានីភ្នំពេញឆ្នាំ២០៣៥, ផែនទី បង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតនិងមានចីរភាពឆ្នាំ២០២២-២០៣៥។
ឯកឧត្តម បានស្នើថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញត្រូវពង្រឹងការ ប្រឡងជ្រើសរើសមន្ត្រីរាជការ ការគ្រប់គ្រង និងចាត់ចែងមន្ត្រីរាជការ ការដំឡើងថ្នាក់ ឋានន្តរស័ក្ត និងការតែងតាំងមុខតំណែង ត្រូវតែមានតម្លាភាព និងគណនេយ្យភាព មិនបក្សពួកនិយម និងគ្រួសារនិយមនោះឡើយ ។ ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារបានល្អ មានសមត្ថភាពមានស្នាដៃ និងជំរុញការបណ្តុះបណ្តាលជំនាញ និងកសាងសមត្ថភាពដល់មន្ត្រីរាជការឱ្យសមស្របទៅនឹងការវិវត្តនៃការងារ និងបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅថ្ងៃបើកអង្គសន្និបាត ដើម្បីទទួលបានធាតុចូលកាន់តែមានភាពសុក្រឹត និងច្បាស់លាស់ អង្គសន្និបាត បានប្រើប្រាស់វិធីសាស្ត្របែងចែកក្រុម ពិភាក្សា ក្នុងគោលបំណងទទួលបានធាតុចូលកាន់តែច្បាស់លាស់ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៤។ អង្គសន្និបាតទាំងមូល បានប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាននិងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលរាជធានី ភ្នំពេញឆ្នាំ២០២៤។
ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា អង្គសន្និបាត បានលើកទឹកចិត្ត និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋបាលខណ្ឌទាំង ១៤ ដែលមាន ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ ធ្វើជាសេនាធិការ ត្រូវខិតខំកែលម្អការផ្តល់សេវាអប់រំក្នុងដែនសមត្ថកិច្ច ឱ្យបាន ល្អប្រសើរតាមរយៈកិច្ចសហការល្អជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីឈានទៅលុបបំបាត់ក្រុមក្មេងទំនើង បងតូចបងធំ និង បញ្ហាគ្រឿងញៀនក្នុងសាលារៀន។

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការ កែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ឯកឧត្តម ប្រាក់ សំអឿន បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារ លើកិច្ចការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ ។ កងកម្លាំងមានសមត្ថកិច្ចជាស្នូល និងជាបង្អែករបស់ប្រជាជន ត្រូវខិតខំលើកកម្ពស់ ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងប្រឆាំងរាល់សកម្មភាពដែលប៉ុនប៉ង បង្កនូវអសន្តិសុខក្នុងសង្គម និងការផ្សព្វផ្សាយពត៌មានមិនពិតឬញ៉ែញ៉ងតាមបណ្តាញសង្គម។ ត្រូវរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាពស្ថាប័នជាតិ ធានាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិនិងអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិដែលរៀបចំឡើងនៅកម្ពុជាពិសេស ការដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤នាពេលខាងមុខ។

ឯកឧត្តម ប្រាក់ សំអឿន បានបញ្ជាក់បន្ថែមទៀតថា ត្រូវទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬការបង្កើតតំបន់អបគមន៍ ព្រមទាំងប្រឆាំងរាល់ឧបាយកលសកម្មភាពនៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ត្រូវគិតគូរពីវិធានការនិងមធ្យោបាយនានាក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសនៅតាម សំណង់អាគារខ្ពស់ៗ រោងចក្រ សហគ្រាស ផ្សារ និងផ្ទះសំបែងប្រជាពលរដ្ឋ។
បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត។ បន្ដទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី











