ពិភពអនឡាញវៀតណាម បានសម្រុកចែករំលែកវីដេអូឃ្លីប ពីហេតុការណ៍នៃពិធីមង្គលការមួយ ដែលបានធ្វើឱ្យមនុស្សជាច្រើនស្រក់ទឹកភ្នែក នៅពេលដឹងពីមូលហេតុដែលកូនក្រមុំរត់ចេញពីពិធី ទាំងយំសស្រាក់គួរឲ្យអាណិត។
តែយ៉ាងណាមិញ បើតាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា តាមពិតទៅ នៅថ្ងៃដ៏សំខាន់នេះ កូនក្រមុំបានទន្ទឹងរង់ចាំជួបមិត្តជិតដិត ដែលនាងធ្លាប់រួមសុខទុក្ខជាមួយគ្នាអស់រយៈពេល ៧ ឆ្នាំ ប៉ុន្តែ កូនក្រមុំប្រែក្រៀមក្រំចិត្ត និងមានការសោកស្ដាយបំផុត នៅពេលដឹងថាមិត្តជិតស្និទ្ធរបស់នាងនិយាយថា មិនអាចចូលរួមពិធីមង្គលការរបស់នាងបានទេ។
នៅពេលនោះ កូនក្រមុំបាននិយាយទាំងសោកស្ដាយថា នៅថ្ងៃដែលនាងសប្បាយចិត្តបំផុត តែប្រហែលជាគ្មានមិត្តភក្តិជិតស្និទ្ធណា មកឈរក្បែររូបនាងនោះទេ។
ទោះជាយ៉ាងណា ពេលវេលាដ៏រំភើបបានកើតឡើង គឺនៅពេលដែលមិត្តសម្លាញ់របស់នាងបានបង្ហាញខ្លួនក្នុងពិធីមង្គលការនេះ ជាហេតុធ្វើឱ្យកូនក្រមុំស្រក់ទឹកភ្នែក ហើយរត់ចេញពីពិធី ដើម្បីមកឱបមិត្តសម្លាញ់របស់នាង។
បន្ទាប់មក ក៏បានដឹងថា តាមពិត មិត្តជិតស្និទ្ធម្នាក់របស់នាង មានបំណងធ្វើឱ្យកូនក្រមុំភ្ញាក់ផ្អើល ដោយកុហកលេងថា «ជាប់រវល់» មិនអាចទៅចូលរួមពិធីមង្គលការរបស់នាងបានទេ។
យ៉ាងណាមិញ រូបភាពនារីទាំងពីរយំឱបគ្នា បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនស្រក់ទឹកភ្នែកផងដែរ។ ជាការពិតណាស់ មិត្តភាពដ៏ល្អគឺមានតម្លៃប្រៀបដូចទំនាក់ទំនងគ្រួសារអ៊ីចឹង។ ដូចនារីទាំងពីរនាក់នេះ គឺនៅថ្ងៃសំខាន់ ពួកគេបានផ្តល់ភាពកក់ក្តៅចំពោះគ្នាគួររំភើបជំនួសណាស់។
អ្នកនិយមលេងអ៊ីនធឺណេត បានសម្តែងការកោតសរសើរ ចំពោះមិត្តភាពរបស់នារីទាំងពីរថា «មិត្តភាពពិតជាស្រស់ស្អាតមែន មានមិត្តជិតស្និទ្ធបែបនេះក្នុងជីវិត គ្មានអ្វីសប្បាយចិត្តជាងនេះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















