កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយដែលកំពុងត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម ដែលបង្ហាញពីទិដ្ឋភាពស្រីស្អាតម្នាក់ មកផ្ទះយប់ជ្រៅបន្ទាប់ពីចេញដើរលេងក្រៅ ហើយសកម្មភាពព្យាយាមចូលផ្ទះរបស់នាង បានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ភ័យបុកពោះជំនួស និងអស់សំណើចខ្លាំងតែម្តង។
តាមរយៈវីដេអូឃ្លីបបានបង្ហាញស្រីស្អាតរូបនោះ ដែលមកផ្ទះទាំងកណ្តាលអាធ្រាត្រ ប៉ុន្តែ ដោយសារតែមិនមានកូនសោចូលផ្ទះ នាងក៏បានព្យាយាមឡើងលើទ្វារដែកផ្ទះតែម្តង។
ក្រោយពីឡើងបានមួយសន្ទុះ ស្រីស្អាតរូបនោះបានទៅដល់ផ្នែកកណ្តាលនៃទ្វារ។ នៅពេលនោះ នាងក៏បានព្យាយាមលូនចូលតាមចន្លោះរនាំងដែកដ៏តូចៗចង្អៀតចំនួនពីរនៅខាងលើនៃទ្វារយ៉ាងប៉ិនប្រសប់ ហើយអាចឆ្លងខ្លួនផុតទ្វារចូលខាងក្នុងផ្ទះដោយជោគជ័យ។
តែយ៉ាងណាមិញ នៅពេលឃើញសកម្មភាពឡើងទ្វារដ៏លំបាករបស់ស្រីស្អាតក្នុងឃ្លីបនេះ បានធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ភ័យព្រួយ និងស្រឡាំងកាំង ចំពោះជំនាញរបស់នាងក្នុងការឡើងឆ្លងទ្វារដែក ចូលទៅក្នុងទីធ្លាក្នុងផ្ទះដោយមិនជួបប្រទះការលំបាកច្រើនសោះឡើយ។
ភ្លាមៗបន្ទាប់ពីមានការចែករំលែក ឃ្លីបនេះទទួលបានការចាប់អារម្មណ៍ និងចែករំលែកពីមនុស្សជាច្រើន។ មនុស្សភាគច្រើនបានគិតថា ស្រីស្អាតនេះប្រហែលភ្លេចសោទ្វារមុនពេលចេញពីផ្ទះទៅដើរលេងខាងក្រៅ។ រីឯអ្នកខ្លះទៀតក៏គិតដែរថា ប្រហែលជានាងមកផ្ទះយឺតពេក ទើបក្រុមគ្រួសារចាក់សោរទ្វារផ្ទះ ហើយចូលគេងមុន ដើម្បីផ្តល់មេរៀនដល់នាងថ្ងៃក្រោយឲ្យរាង។
អ្នកខ្លះទៀត ក៏បានបារម្ភពីសុវត្ថិភាពរបស់នាង ដែលមកផ្ទះយឺត ហើយសកម្មភាពឡើងទ្វារទាំងកណ្តាលអធ្រាត្របែបនេះ អាចនឹងមានគ្រោះថ្នាក់ផងដែរ។ បច្ចុប្បន្ននេះ វីដេអូឃ្លីបនេះនៅតែទទួលបានការចាប់អារម្មណ៍ និងចែករំលែកពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង