ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំលើកទី៣០ អាណត្តិទី៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន គ.ជ.ប.ព. ដើម្បីពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២៣ ស្តីពីដំណើរការការងាររបស់ អ.ប.ព. គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បើតាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តីស ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឲ្យដឹងថា ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមានមន្ត្រីចំនួន ២៩៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំងថ្មីចំនួន ១៩៦នាក់ និងមន្ត្រី ១០៣នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ។

ចំពោះការងារពាក្យប្ដឹង គឺអ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៣១ពាក្យប្ដឹង។
ការងារបង្ការ ទប់ស្កាត់អំពើពុករលួយ គឺអ.ប.ព. បានចូលរួមសង្កេតការណ៍ការប្រឡងចំនួន៤លើក រួមមាន៖ ទី(1)- ការប្រឡងជ្រើសរើស បេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ២៥៨នាក់ ក្នុងចំណោមបេក្ខជនចំនួន ៦៥៩នាក់ ទី(2)- ការប្រឡងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី១២ នៃបណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា ចំនួន ៧៥រូប ក្នុងចំណោមបេក្ខជនចំនួន ៦២៣រូប ទី(3)- ការប្រឡងជ្រើសរើសមន្ត្រី កសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ ក្នុងចំណោមបេក្ខជនចំនួន ៣.៣៨១នាក់ និងទី(4)- ការប្រឡងជ្រើសរើសសិស្ស ក្រឡាបញ្ជី ជំនាន់ទី៩ ចំនួន ១០០នាក់ ក្នុងចំណោមបេក្ខជនចំនួន ១.៤៤៨នាក់។ អ.ប.ព. សង្កេត ឃើញថាដំណើរការ នៃការប្រឡងទាំង០៤ ខាងលើនេះ បានប្រព្រឹត្តទៅដោយរលូន និងតម្លាភាព នៅគ្រប់ដំណាក់កាល នៃដំណើរការប្រឡង។
ក្រៅពីនេះ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ១៣ គម្រោង របស់អង្គភាព លទ្ធកម្ម ចំនួន ០៧ អង្គភាព និង បានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

















