Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រើស​បាន «ថ្ម​ចម្លែក» នៅ​បាតសមុទ្រ ត្រឹម​គិតថា​ជា​ថ្ម​សំ​ណាង តែ​មិន​នឹកស្មាន​រក្សាទុក​ក្រោម​គ្រែ១០ឆ្នាំ ទើប​ថា​វា​មិនមែន​ជា​ថ្ម តែ​ជារ​ត​នៈ​វត្ថុ​ដ៏​មាន​តម្លៃ

យោងតាមសារព័ត៌មាន Daily Mail អ្នកនេសាទម្នាក់ (មិនត្រូវបានគេបង្ហាញឈ្មោះ) ខណៈកំពុងនេសាទនៅឯឆ្នេរសមុទ្រនៃកោះ Palawan ក្នុងប្រទេសហ្វីលីពីន នៅពេលនោះយុថ្កាទូករបស់គាត់បានជាប់គាំង ហើយគាត់ក៏បានចុះក្រោមទឹកដើម្បីពិនិត្យមើល។ ចៃដន្យ គាត់​បាន​ប្រទះ​ឃើញ​ថ្ម​មានរាងដ៏​ចម្លែកនៅជាប់នឹងសំបកខ្យងសមុទ្រ​។ ទោះ​បី​មិន​បាន​ដឹង​ពី​តម្លៃ​ពិត​របស់​វា ប៉ុន្តែ​គាត់​បាន​ចាត់​ទុក​វា​ថា​ជា​ថ្ម​សំណាង ហើយ​រក្សាទុក​វា​នៅ​ក្រោម​គ្រែ។

រហូត​ដល់​១០​ឆ្នាំ​ក្រោយ​មក ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ របស់របរទាំងអស់ត្រូវបានឆេះគ្មានសល់។ ប៉ុន្តែ គាត់បានរកឃើញថ្មពិសេសនោះ ហើយ​សម្រេច​យក​វា​ទៅ​ពិនិត្យ​នៅ​មជ្ឈមណ្ឌល​ទេសចរណ៍​មួយ​ក្នុង​តំបន់ Puerto Princesa។ មន្ត្រី​បញ្ជាក់​ថា នេះ​គឺជា​គ្រាប់​គុជ ហើយវាអាចជាគុជខ្យងធម្មជាតិដ៏ធំបំផុតនៅលើពិភពលោក ដែលមានទទឹង ៣០ សង់ទីម៉ែត្រ ប្រវែង ៦៧ សង់ទីម៉ែត្រ និងទម្ងន់ ៣៤ គីឡូក្រាម។

មន្ត្រីទេសចរណ៍ Eileen Cynthia Amourao បាននិយាយថា «យើង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ពេល​គាត់​យក​វា​មក​ឲ្យ​យើងមើល។ បច្ចុប្បន្នយើងត្រូវការជំនួយពីអ្នកជំនាញខាងត្បូងពេជ្រ ដើម្បីផ្តល់ការបញ្ជាក់ពេញលេញ។ យើងកំពុងរង់ចាំការផ្ទៀងផ្ទាត់ពីវិទ្យាស្ថាន Gemological និងទីភ្នាក់ងារអន្តរជាតិផ្សេងទៀត។ ប៉ុន្តែយើងជឿថា Puerto Princesa នឹងដណ្តើមបានតំណែងដ៏មានកិត្យានុភាពរបស់ខ្លួន។ ហើយ​ជា​អ្នក​កាន់​ឯតទគ្គកម្ម​ដែល​មាន​គុជ​ខ្យង​ធម្មជាតិ​ធំ​បំផុត​របស់​ពិភពលោក»។

បន្ទាប់​មក អ្នក​ជំនាញ​ត្បូង​បាន​មក​ពិនិត្យ​មើល​គុជ​ខ្យង​យក្ស​នេះ និងធានាថាជារបស់ពិត ដែលមានតម្លៃជិត ១០០ លានដុល្លារអាមេរិក ហើយត្រូវបានប្រកាសជាផ្លូវការថាជា «គុជខ្យងដ៏ធំបំផុតក្នុងពិភពលោក»។

ចាប់តាំងពីពេលនោះមក គុជខ្យងយក្សនេះត្រូវបានដាក់តាំងបង្ហាញនៅសាលាក្រុង New Green ក្នុងទីក្រុង Puerto Princesa ប្រទេសហ្វីលីពីន ដែល​បាន​ធ្វើ​ឱ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ពិសេស​មួយ ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរយ៉ាងច្រើន ​ខណៈម្ចាស់គុជដែលបានរកឃើញគឺនៅតែជាអ្នកនេសាទ, នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល Puerto Princesa។

កាលពីមុន គុជខ្យងបានជាប់កំណត់ត្រាដ៏ធំបំផុតនៅលើពិភពលោក គឺជាគុជរបស់ព្រះអាឡស់ ដែលត្រូវបានរកឃើញនៅខាងក្រៅទីក្រុង Palawan ប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៣៤ ដែលមានទម្ងន់ ៦.៤ គីឡូក្រាម និងមានតម្លៃប្រហែល ៣៥ លានដុល្លារ ត្រូវបានដាក់តាំងបង្ហាញនៅឯសារមន្ទីរ Ripley’s Believe It or Not! នៅ​ញូ​យ៉​ក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×