ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលនៃប្រទេសមួយចំនួន ដែលមិនបានបញ្ជូនអ្នកសង្កេតការណ៍ មកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជាទេ ប៉ុន្តែបែរជាប្រកាសថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌។ ក្រសួងការបរទេស បញ្ជាក់ថា អត្រាអ្នកទៅបោះឆ្នោតដ៏ច្រើនរហូតដល់ជាង៨០ភាគរយ គឺជាបដិសេធទាំងស្រុងចំពោះការអំពាវនាវឲ្យធ្វើពហិការ ដោយអ្នកនោយបាយប្រឆាំងមួយចំនួន និងរាជរដ្ឋាភិបាលបរទេស ដែលគាំទ្រពួកគេ។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កាលពីថ្ងៃទី៣១ខែកក្កដា បានបញ្ជាក់ថា “ក្រសួងមានការសោកស្តាយ ចំពោះការវាយតម្លៃដោយមូលហេតុនយោបាយ របស់រដ្ឋាភិបាលបរទេសមួយចំនួន ដែលបានបដិសេធ មិនបញ្ជូនអ្នកសង្កេតការណ៍ ប៉ុន្តែបែរជាប្រកាសតាំងពីពេលចាប់ផ្តើម រហូតដល់ពេលបញ្ចប់ថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌។ ការមិនអើពើទៅដល់គុណភាពបច្ចេកទេស នៃដំណើរការបោះឆ្នោត គឺមានន័យស្មើនឹងការមិនឲ្យតម្លៃ ដល់ឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានសម្តែងចេញ តាមរយៈសន្លឹកឆ្នោតចំនួន ៦.៩៤៦.១៦៤ សន្លឹក។ ឥរិយាបថបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹងតាំងពីយូរមកហើយ និងបង្កើតឲ្យមានការសង្ស័យ ចំពោះភាពស្មោះត្រង់ពិតប្រាកដ ដែលចង់ឃើញប្រទេសកម្ពុជា រីកចម្រើនទៅមុខទៀត នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ឥតងាកក្រោយ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែរីករាយជាមួយនឹង “សន្តិភាពដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប” និងការអភិវឌ្ឍប្រកបដោយចីរភាពដ៏ឋិតឋេរ”៕ ដោយ៖បញ្ញាស័ក្តិ
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖