រាជធានីភ្នំពេញ ÷ ជាការឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់សន្តិភាព ប៉ុន្តែស្អប់ខ្ពើមសង្គ្រាមនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ប្រារព្ធពិធី «ទិវាសន្តិភាពនៅកម្ពុជា» , នេះបើយោងអនុក្រឹត្យ លេខ ០១ អនក្រ . បក ស្ដីពី ” ទិវាសន្តិភាពនៅកម្ពុជា ” ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ហត្ថលេខា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

តាមខ្លឹមសារអនុក្រឹត្យ មានអត្ថន័យដូចតទៅ ÷
- ទិវាសន្តិភាពនៅកម្ពុជា គឺជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
- ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងស់មរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជា។
- ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។
- ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឱ្យយល់ដឹងច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់ «វប្បធម៌សន្តិភាព» នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN



























