ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ នរោត្តម សីហមុនី ស្ដេចយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយប្រជារាស្រ្តជាកសិករ៤០៤គ្រួសារ ក្នុងទឹកដីខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករប្រមាណ៤០៤គ្រួសារ ស្ថិតនៅភូមិព្រៃរូង និងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងព្រះរាជដំណើរតាមព្រះទីនាំងរថយន្ត លើចម្ងាយផ្លូវប្រមាណជាង១៣០គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិឪលេខ ៨ នេះ ធ្វើឡើង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ស្តេចយាងចុះជួបសំណេះសំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន៣គ្រួសារដល់ក្នុងលំនៅឋាន។ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានអំណោយដល់គ្រួសារទាំង៣ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មាន មុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០ កំប៉ុង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា១០ម៉ឺនរៀល, រីឯគ្រួសារប្រជារាស្រ្តដទៃទៀតដែលត្រូវទទួលអំណោយនោះ ក៏ទទួលបានដូចគ្នានេះដែរ។

លោកគ្រូ អ្នកគ្រូ ទទួលបានព្រះរាជអំណោយ ក្នុងម្នាក់ៗមាន ឃីត ១កញ្ចប់ (មាន មុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ៥ម៉ឺនរៀល។ ចំណែកកុមារចំនួន ៣១៧នាក់ ទទួលបានអាហារសម្រន់មួយពេល ថវិកា ៥ពាន់រៀល សម្លៀកបំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងសម្ភារសិក្សាមួយចំនួន។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលទៅកាន់ប្រជារាស្ត្រ ថា ព្រះអង្គមានហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្រ្តជាកូន ជាចៅ របស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅនៃប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម