ស្រ្តីវ័យចំណាស់ជនជាតិថៃម្នាក់ បានឲ្យដឹងថា គាត់បានបាត់បង់ទ្រព្យសម្បត្តិជាគ្រឿងអលង្ការមាសសរុបទាំងអស់ជាង ២លានបាត ឬស្មើជិត ៦ ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីគាត់បានដាក់ក្នុងថត់ប្លាស្ទីក ហើយចៅរបស់គាត់ច្រលំស្មានតែសំរាម ក៏យកទៅបោះចោលនៅមុខផ្ទះ ហេតុនេះទើបគាត់មករាយការណ៍ដាក់ពាក្យបណ្តឹងទៅមន្ត្រីស៊ើបអង្កេត ដើម្បីជួយតាមដាន និងចាត់វិធានការតាមផ្លូវច្បាប់។
អ្នកស្រី វ៉ាន់ឌី អាយុ ៦០ ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៥ល្ងាច គាត់បានទុកមាសនៅប្រអប់ចំនួន២ រួចខ្ចប់ក្នុងថង់ប្លាស្ទីកពណ៌ខ្មៅ ហើយបន្ទាប់មកដាក់វានៅមុខបន្ទប់របស់គាត់។ ប៉ុន្តែ មិននឹកស្មានថា ចៅប្រុសរបស់គាត់ស្រាប់តែយកវាទៅបោះចោលក្នុងធុងសំរាមមុខផ្ទះ ព្រោះគិតថាថង់នោះអាចជាសំរាម។
លុះឆែកកាមេរ៉ា អ្នកស្រី វ៉ាន់ឌី បានរកឃើញថាមានជនមិនស្គាល់មុខម្នាក់ បើកបរម៉ូតូរ៉ឺម៉កចំហៀងមិនស្គាល់ស្លាកលេខ បានមករើកកាយក្នុងធុងសម្រាម ហើយបានរកឃើញរបស់របរនៅក្នុងប្រអប់ បន្ទាប់មកបានយកទ្រព្យសម្បត្តិបើកម៉ូតូរ៉ឺម៉កចាកចេញទៅបាត់។
ក្រោយមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ភ្លូកឌែង បានពិនិត្យកាមេរ៉ាសុវត្ថិភាព CCTV នៅកន្លែងកើតហេតុ រហូតដល់ត្រូវបានគេរកឃើញថាស្រ្តីអ្នករើសអេតចាយម្នាក់ ដែលបានយកថង់មាសនោះទៅ។ ដូច្នេះ សមត្ថកិច្ចក៏បានតាមទៅដល់ផ្ទះ និងបានស្គាល់ស្រ្តីរូបនោះមានឈ្មោះ អ៊ុ ម៉ាផន អាយុ ៤៧ ឆ្នាំ ដែលបានសារភាពត្រង់ៗថា រូបគាត់ពិតជាបានរើសយកថង់មាសនៅទីនោះប្រាកដមែន។
អ្នកស្រី អ៊ូ ម៉ាផន ជាអ្នករើសអេតចាយ បានផ្តល់សក្ខីកម្មថា អ្នកស្រីបានទៅរើសអេតចាយនៅទីនោះ ដែលមានសំរាមច្រើនប្រភេទផ្សេងៗគ្នា។ ប៉ុន្តែ ក្នុងចំណោមនោះ បានរកឃើញថង់មួយលើករាងធ្ងន់។ នៅពេលនោះ អ្នកស្រីក៏បានគិតថាវាជាថ្ម ប៉ុន្តែ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង គឺនៅពេលបើកមើល ស្រាប់តែប្រទះឃើញក្នុងថង់នោះពោរពេញទៅដោយមាសតែម្តង។ តែទោះជាយ៉ាងណា អ្នកស្រីគិតថា វាប្រហែលជាមាសក្លែងក្លាយ ហើយក៏យកវាទៅជាមួយ។ ប៉ុន្តែ ក្រោយមក ទើបដឹងថាជាមាសពិតប្រាកដ គឺនៅពេលប៉ូលីសមកដល់ផ្ទះ។ ទោះជាយ៉ាងណា អ្នកស្រី អ៊ូ ម៉ាផន បាននិយាយថា គាត់មិនមានបំណងយករបស់ទ្រព្យពីនរណាម្នាក់ទេ។ ពេលនេះ អ្នកស្រីបានធូរចិត្តហើយ ដែលម្ចាស់មាសបានយកមកវិញ ព្រោះវាមានតម្លៃខ្លាំងណាស់។
អ្នកស្រី វ៉ាន់ឌី បាន និយាយ ថា ដំបូង ឡើយ អ្នកស្រី ពិតជាអស់ សង្ឃឹម ហើយ មិន បាន គិត ថា នឹង បាន មាសទាំង នោះ មកវិញ ទេ។ ប៉ុន្តែ គាត់ បាន អរគុណ ប៉ូលិសយ៉ាងខ្លាំង ដែល បាន ជួយស្វែងរកឃើញគ្រឿងអលង្ការដែលមានតម្លៃរហូតរាប់ម៉ឺនដុល្លារទាំងនោះ ប្រគល់ជូនគាត់វិញ ដែលធ្វើឲ្យគាត់ និងក្រុមគ្រួសារពិតជារំភើបខ្លាំងដែលសឹងតែរកពាក្យអ្វីមកថ្លែងពុំចេញនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុងស