ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុម័តច្បាប់បានចំនួន៧ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៦ និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចំនួនមួយលើក។

ឯកឧត្តម ឡេង ប៉េងឡុង បានលើកឡើងថា រយៈពេល៣ខែមកនេះ រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា បានធ្វើសកម្មភាពការងារយ៉ាងសកម្មខិតខំធ្វើការយ៉ាងណាឱ្យសកម្មស្វាហាប់ និងយកចិត្តទុកដាក់ក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជន និងធ្វើការងារដើម្បីបម្រើប្រជាជន។
ឯកឧត្តមឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ រួមមាន៖ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាមិត្ត និងអង្គការអន្តជាតិនានាបានចំនួន១៨លើក។ អនុម័តច្បាប់បានចំនួន៧ និងទទួលពាក្យបណ្តឹង និងការស្នើសុំអន្តរាគមន៍នានា ពីប្រជាពលរដ្ឋបានចំនួន១០៦ករណី។ សកម្មភាពរបស់រដ្ឋសភា មានភាពសកម្មស្វាហាប់ដូចខាងរាជរដ្ឋាភិបាលដែរ ដោយសារខាងរាជរដ្ឋាភិបាល បានប្តូរជំនាន់នៅក្នុងការគ្រប់គ្រង ដោយអ្នកជំនាន់ចាស់បានប្រគល់ភារកិច្ចដឹកនាំមកអ្នកជំនាន់ថ្មី។ ក្នុងរយៈពេលជាង៣ខែនេះ អ្នកជំនាន់ថ្មីសកម្មធ្វើការងារខ្លាំងនៅក្នុងការបម្រើជាតិមាតុភូមិ។ ខាងសភាក៏ដូចគ្នាដែរ គឺនឹងធ្វើការឱ្យមានស្មារតីដូចគ្នា ខិតខំធ្វើការយ៉ាងណាឱ្យសកម្មស្វាហាប់ ហើយយកចិត្តទុកដាក់ក្នុងការបម្រើសេចក្តីសុខសាន្ត និងបម្រើផលប្រយោជន៍របស់ប្រជាជនអ្វីៗទាំងអស់ គឺធ្វើការដើម្បីបម្រើប្រជាជន។

ឯកឧត្តម ឡេង ប៉េងឡុង បានបន្តថា ភារកិច្ចរដ្ឋសភា និងរដ្ឋាភិបាលខុសគ្នា គឺខាងរាជរដ្ឋាភិបាលធ្វើកិច្ចការរបស់ខ្លួន ដោយគិតទៅដល់ជនក្រីក្រ អ្នកងាយរងគ្រោះរកការងារជូនប្រជាជនធ្វើអភិវឌ្ឍន៍សេដ្ឋកិច្ចកុំឱ្យមានវិបត្តិ គឺរាជរដ្ឋាភិបាលធ្វើការខ្លាំងណាស់ ហើយលទ្ធផលក៏បានល្អដែរ។ ចំណែករដ្ឋសភាវិញមានស្មារតីធ្វើការប្រហាក់ប្រហែលគ្នា គឺរដ្ឋសភាចាប់ផ្តើមធ្វើការពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣មក គឺធ្វើការស្ទើរតែទាំងអស់។
នៅក្នុងរយៈពេល៣ខែ រដ្ឋសភា បានទទួលពាក្យបណ្តឹង និងការស្នើសុំអន្តរាគមន៍នានា ពីប្រជាពលរដ្ឋបានចំនួន១០៦ករណី និងបញ្ជូនទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន ៤៤រឿង កំពុងពិនិត្យសិក្សាចំនួន៦១រឿង ព្រមទាំងទទួលលិខិតឆ្លើយតបអំពីលទ្ធផលដោះស្រាយរបស់ក្រសួង ស្ថាប័ន មានចំនួនចំនួន១៤រឿង។ ក្នុងចំណោមបណ្តឹងទាំង ១០៦ មានចំនួន៨០ភាគរយ ជាទំនាស់ដីធ្លី និងមួយចំនួនទៀតពាក់ព័ន្ធនឹងការមិនសុចិត្តទៅនឹងការសម្រេចរស់តុលាការ និងការសំណូមពរផ្សេងៗទៀត។ រដ្ឋសភាមានគណៈកម្មការសិទ្ធិមនុស្សទទួលបណ្តឹងដែលគណៈកម្មការនេះទទួលបន្ទុកដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលមានទំនាស់ផ្សេងៗ។
សម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុម័ច្បាប់បានចំនួន៧ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៦និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចំនួនមួយលើក ។ សេចក្តីព្រាងច្បាប់ និងសេចក្តីស្នើវិសោធនកម្ម បទបញ្ជផ្ទៃក្នុងរដ្ឋសភា ដែលសម័យប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ បានអនុម័តមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច
២-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
៣-សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
៤- សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
៥- សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម
៧-សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសបិទបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលមានថិរវេលាចំនួន ៣ខែតាមច្បាប់កំណត់ គិតចាប់ពីថ្ងៃទី២១សីហា រហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ។
នៅក្នុងរយៈពេលបីខែបន្តទៀតគឺជាពេលវេលាវិស្សមកាលពីសម័យប្រជុំពេញអង្គរដ្ឋសភា របស់សមាជិកសមាជិការដ្ឋសភា ។ វិស្សមកាលជាពេលវេលាមួយ ដែលតំណាងរាស្រ្តចុះសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមណ្ឌលនានា។ នៅក្នុងរយៈពេលវិស្សមកាលនេះ រដ្ឋសភាអាចកោះប្រជុំវិសាមញ្ញបាន ប្រសិនជាមានការចាំបាច់ និងដោយមានការកោះប្រជុំពីប្រធានរដ្ឋសភា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


















