Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! បុរស​ជនជាតិ​វៀតណា​ម ដែល​នាំ​បក្ខពួក​ថត​ឃ្លី​បនៅ​ប្រាសាទអង្គរ​វត្ត ធ្វើឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​បេ​ក​តិ​ភណ្ឌ​របស់​ប្រទេស​កម្ពុជា ត្រូវ​រង​ពិន័យ​បែបនេះ

កាលពីនៅថ្ងៃទី៣ ខែមករា នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញ បាននិយាយថា បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខអ៊ីនធឺណិត និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាខ្ពស់ នៃប៉ូលីសទីក្រុងហូជីមិញ ដើម្បីធ្វើការ និងដាក់ទណ្ឌកម្មលើការបំពានផ្នែករដ្ឋបាលប្រឆាំងនឹងលោក Hua Quoc Anh (ម្ចាស់គណនី TikTok ឈ្មោះ Hua Quoc Anh) បន្ទាប់ពីទទួលបានព័ត៌មានអំពីគណនី TikTok រូបនេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហោះវីដេអូរយៈពេល ១ នាទី ២៥ វិនាទី ដែលរៀបរាប់អំពីការថតរូបនៅប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ប៉ុន្តែបែរជាមានរូបភាពភ្ជាប់មកជាមួយរូប ទង់ជាតិថៃ ស្តេចថៃ និងបញ្ចូលសំឡេង “Hello Thailand” ថែមទៀតផង។

ជាលទ្ធផល ការបំពានរបស់ម្ចាស់គណនី TikTok រូបនេះ ត្រូវបានពិន័យជាប្រាក់ចំនួន ៧.៥ លានដុង ឬស្មើនឹងជាង ៣០០ ដុល្លារអាមេរិក ពីបទផ្តល់ព័ត៌មានមិនពិត ការបំភ្លៃ ការបង្កាច់បង្ខូច និងការប្រមាថដល់កេរ្តិ៍ឈ្មោះរបស់អង្គការ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ស្របតាមបទប្បញ្ញត្តិនៃក្រឹត្យលេខ ១៥/២០២០/ND-CP ចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ របស់រដ្ឋាភិបាលវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ អាជ្ញាធរក៏បានស្នើឱ្យ Hua Quoc Anh សិក្សាស្វែងយល់ឱ្យបានហ្មត់ចត់ពីការប្រព្រឹត្តស្រដៀងគ្នានេះនាពេលអនាគត និងគោរពតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៅពេលប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម។

គួររម្លឹកថា កន្លងមក នៅលើបណ្ដាញសង្គមវៀតណាម និងកម្ពុជា គេឃើញវីដេអូឃ្លីបរបស់នារីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូក កាន់ដំបង ដើរជុំវិញប្រាសាទអង្គរវត្ត ត្រូវបានផ្សព្វផ្សាយ ប៉ុន្តែរូបភាពបានបង្ហាញបង្កប់ទាំងឈុតជាប្រពៃណីថៃ ដូចជាទង់ជាតិ ព្រះមហាក្សត្រ និងពាក្យថា «សួស្តីប្រទេសថៃ»។

ឃ្លីបខាងលើត្រូវបានបង្ហោះនៅលើគណនី TikTok របស់ Hua Quoc Anh ដែលមានអ្នកតាមដាន ៧០០,០០០ ។ សកម្មភាព​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​មិន​គោរព​វប្បធម៌ និង​អធិបតេយ្យភាព​ជាតិ​របស់​ប្រទេស​ជិត​ខាង​ ដែល​បង្ក​ឱ្យ​មាន​ការ​បែកបាក់​រវាង​ប្រទេស​វៀតណាម-កម្ពុជា-ថៃ។

រឿងនេះត្រូវបានចែករំលែក ខណៈប្រជាជនខ្មែរជាច្រើន បានបង្ហាញពីការមិនពេញចិត្ត និងផ្ទុះការខឹងសម្បាជាខ្លាំង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរអប្សរា ក៏បានធ្វើសេចក្តីប្រកាសនៅលើទំព័រហ្វេសបុករបស់ខ្លួន ដោយបាននិយាយថា ឃ្លីបនេះបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។

ក្រោយមក លោក Hua Quoc Anh បានបង្ហោះឃ្លីបសុំទោសនៅលើ Facebook ផ្ទាល់ខ្លួនរបស់គាត់ ហើយបានសារភាពថា ទង្វើរបស់ខ្លួនគឺខុស ដោយព្យាយាមនិយាយជាភាសាខ្មែរបែបនេះថា៖ «ខ្ញុំសុំទោសអ្នកទាំងអស់គ្នា សូមអ្នកទាំងអស់គ្នាលើកទោសឲ្យខ្ញុំផង»។ លុះមកដល់ថ្ងៃបន្ទាប់ វីដេអូដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងអស់ ក៏ត្រូវបានលុបចោលទាំងស្រុងចេញពីគណនីបណ្ដាញសង្គមតិកតុករបស់រូបគេផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×