ថ្មីៗនេះ គ្រូស្រីម្នាក់ដែលប្រកាសថា មានជំនាញខាងឱសថបុរាណខ្មែរព្យាបាលរោគចំនួន១៦មុខ និងខណៈកំពុងផលិតផលអនឡាញសុខៗ ស្រាប់តែប្រែក្លាយខ្លួនស្លៀកពាក់ស ដោយអះអាងថា មានបារមីព្រះនាងឥន្ទ្រទេវីគ្រប់គ្រង ហើយក៏បានចាប់ផ្តើមបង្ហោះភាព និងក៏ដូចវីដេអូ បង្ហាញពីសកម្មភាពគ្រូស្រីរូបនេះ ទៅកាន់ប្រាសាទព្រះខ័ន ដោយរាំពត់មានពែន ពិសេសបញ្ចេញស្ទាយល៍ចលនាក្បាលដ៏ប្លែក និងធ្វើទឹកមុខហាក់កំសត់ខ្លាំង ដែលប្រៀបដូចកំពុងបាត់បង់អ្វីម៉្យាង ដែលធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តែបើទោះជាត្រូវបានមហាជនសើចចំអក រិះគន់ឡើងកក្រើក ក្នុងនោះសូម្បីតែអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានស្នើឲ្យក្រសួងវប្បធម៌ និងក្រសួងធម្មការ ជួយពិនិត្យមើលជុំវិញរឿងថ្មីដ៏ហួសចិត្តនេះយ៉ាងណាក៏ដោយ ក៏គ្រូស្រីស្នងរូបព្រះនាងឥន្ទ្រទេវីរូបនេះ ហាក់ធ្វើមិនដឹងមិនឮ។ ជាក់ស្តែងថ្មីៗនេះ គ្រូស្រីជាអ្នកលក់អនឡាញ មានឈ្មោះថា «លី» បានទាក់ទាញម៉ែៗ យាយៗ និងស្រី្តក្មេងៗជាអ្នកស្រុកស្រែចម្ការ នៅភ្នំគូលេន នាំគ្នាមកថ្វាយបង្គំឡើងព្រោងព្រាត ខណៈគ្រូស្រីបារមីទើបរះរូបនេះ បានបញ្ចេញប្ញទ្ធីបញ្ចុះបារមីចូលដបទឹក សម្រាប់យកទៅផឹក ដើម្បីទទួលបានក្ដីសុខ និងលាភជ័យ។
ជាការពិតណាស់ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ គ្រូស្រី «លី» ដែលជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះថា «កំពូល ម៉ូត» បានចេញមុខមកបង្ហោះវីដេអូជាក់ស្តែង និងមានអមសំណេររៀបរាប់ឡើងបែបនេះថា៖ «ដូនចាស់ មើលឃើញបារមី ព្រះនាង គាត់គោរពណាស់ តែកូនខ្មែរមួយចំនួនបានវង្វេង។ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ សូមអង្គគ្រប់បារមីដែលជាដូនតាជាតិមើលថា បើនាងខ្ញុំជារូបព្រះនាងស្នង បានលាភសការពីដូនចាស់ទាំងអស់ក្នុងវីដេអូនេះ សូមព្រះអង្គធ្វើតាមផ្លូវធម៌បុណ្យដែលខ្ញុំសាង។ នៅភ្នំគូលេន ទីកន្លែងដែលស័ក្ដសិទ្ធបំផុត»។
ទោះជាយ៉ាងណា អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងនោះ គឺតាមរយៈងវីដេអូបានបង្ហាញឲ្យឃើញ គ្រូស្រី «លី» ដែលស្ថិតក្នុងសម្លៀកបំពាក់ឈុតស អង្គុយនៅចំកណ្ដាលជាមួយបុរសជាប្ដីដែលស្លៀកសដូចគ្នា ខណៈមានមនុស្សប្រុសស្រីដែលភាគច្រើនជាដូនចាស់ៗ បានអង្គុយលើកដៃគោរពសំពះគ្រប់ៗគ្នាទៅកាន់អ្នកគ្រូ។ ហើយខណៈពេលនោះ គ្រូស្រី «លី» ក៏បានបញ្ចេញនូវកាយវិការវើរវាយ ជាពិសេសកាយវិការងាកក្បាលចុះឡើងយឺតៗ ដោយភាពស្ងប់ស្ងាត់ជាទីបំផុត ដែលចង់បង្ហាញឲ្យឃើញថា ខ្លួនកំពុងត្រូវបានបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត។ ទន្ទឹមនឹងនេះទៀតនោះ គ្រូស្រី «លី» ក៏បានយកដៃរបស់ខ្លួនទៅដាក់លើក្បាលរបស់ដូនចាស់ៗ និងស្រ្តីវ័យក្មេងពីម្នាក់ទៅម្នាក់ និងក៏បានឲ្យស្ត្រីម្នាក់ផឹកទឹក ស្របពេលដែលមានអ្នកជំនឿដទៃទៀត ក៏បាននាំគ្នាជញ្ជូនទឹកសុទ្ធទាំងយួរៗជាបន្ដបន្ទាប់ ដើម្បីយកមកឲ្យគ្រូបញ្ចុះបារមីចូល ក្រែងបានជាពីជំងឺដង្កាត់ និងក៏ដូចមានលាភសំណាង។
ក្រោយពីបានឃើញបែបនេះ មហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម បានផ្ទុះប្រតិកម្មកាន់តែខ្លាំងជាងមុនទៅទៀត ដោយបាននាំគ្នាដាក់ឲ្យបែបៗនេះថា៖ «លក់Onlineយូរៗគ្រូកាន់, ថ្នាំលក់រាងស្ងាត់ ចឹងមានតែរកបារមីជួយ តែតិចទៀតបានជួយពិតឥឡូវហើយក្រសួងគេកំពុងរៀបចំហៅ, ព្រះនាងឥន្ទ្រទេវី ទ្រង់ជាស្ដ្រីរឹងមាំ ក្លាហ៊ានមិនមែនល្វតល្វន់ ទន់ជ្រាយចឹងទេ ខ្ញុំមើលយូរៗចង់ខ្លាច, ក្រចកវែងៗណាស់ …»។ តែទន្ទឹមនឹងនេះ អ្នកខ្លះទៀតក៏បានដាក់ទៅកាន់ដូនចាស់ៗ និងស្រ្តីចំណាស់ៗទាំងនោះថា «ឆ្ងល់ចុះល្ងង់អីល្ងង់ដល់ថ្នាក់ហ្នឹង ចឹងបានសំបូរអ្នកបោក!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង