ទំព័រ Twitter មួយ ថ្មីៗនេះ បានចែករំលែកវីដេអូនៃឧប្បត្តិហេតុដ៏ភ្ញាក់ផ្អើល ខណៈដែលសត្វគោមួយក្បាលត្រូវបានគេប្រទះឃើញងាប់ ជាប់នៅក្នុងដើមឈើមួយកន្លែង នៅក្នុងប្រទេសថៃ។
យ៉ាងណាមិញ ចំពោះមូលហេតុ គណនី Twitter នោះបានសរសេរថា «គោមួយក្បាល បានជាប់គាំងនៅក្នុងដើមឈើ ដែលជាលទ្ធផលនៃទឹកជំនន់ដ៏ធំ ដែលបានវាយប្រហារភាគខាងត្បូងប្រទេសថៃ នាពេលថ្មីៗនេះ។ ករណីនេះកើតឡើងនៅរ៉ាម៉ាន ខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ»។
នៅក្នុងវីដេអូ គេឃើញសត្វគោនោះ កំពុងជាប់គាំងនៅចន្លោះមែកឈើចំនួន៣ កំពស់ជិត ៣ ម៉ែត្រ ពីកន្លែងដែលមនុស្សមួយចំនួនឈរមើលទាំងងឿងឆ្ងល់។
យោងតាមរបាយការណ៍របស់ Thaiger សត្វគោនេះមកពីហ្វូងចំនួន ១៨ ក្បាល ដែលត្រូវបាននាំយកទៅដោយទឹកជំនន់។
ក្រោយពីទឹកស្រកមក ម្ចាស់គោបានរកឃើញគោ៤ក្បាល និងគោមួយក្បាលនេះ ដែលបានជាប់គាំងលើដើមឈើ។ គេជឿថា គោមួយក្បាលនេះបានជាប់គាំងក្នុងដើមឈើជាច្រើនថ្ងៃ ហើយឃ្លានរហូតដល់ងាប់ដ៏គួរឲ្យអាសូរបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង