Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នាំចេញអង្ករ កើនឡើង ៣% នៅឆ្នាំ ២០២៣

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជា មានកំណើនតិចតួច និងស្ថិតក្រោមគោលដៅកំណត់ បើទោះជាតម្រូវការអង្ករ និងតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ កាលពីឆ្នាំ ២០២៣កន្លងទៅនេះ មានការកើនឡើងដល់កម្រិតកំពូលក្នុងរយៈពេលជាច្រើនឆ្នាំមកនេះក៏ដោយ។

យោងតាមស្ថិតតិបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករ ចំនួន ៦៥៦.៣២៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង ៤៦៦លានដុល្លារអាមេរិក។ តួលេខនេះមានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% រៀងគ្នា បើធៀបនឹងឆ្នាំ ២០២២។

សហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ចេញនូវផែនការគោលសម្រាប់ឆ្នាំ២០២៣-២០២៥ ជំរុញការនាំចេញដោយរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារគោលដៅស្របតាមប្រភេទពូជស្រូវ និងអង្ករ។ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីផែនការពង្រីកទីផ្សារទៅកាន់ប្រទេសចិនឱ្យបានច្រើនជាង ៤០ម៉ឺនតោននៅក្នុងឆ្នាំ ២០២៣  ពិសេសបន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ជាដើម។

ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២.៧៥៦តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨លានដុល្លារអាមេរិក ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤.៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លានដុល្លារអាមេរិក និងនាំចេញទៅកាន់ប្រទេសសមា ជិកអាស៊ានចំនួន៧ ប្រទេស បានបរិមាណចំនួន ៩៣.៣៧៦តោន គិតជាទឹកប្រាក់ចំនួន ៦២លានដុល្លារអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២៦ ប្រ ទេសបានចំនួន ៨៥.៥០៨តោន ដែលគិតជាទឹកប្រាក់បានចំនួន ៧៦លានដុល្លារអាមេរិក។ ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២,២៩%, អង្ករស ចំនួន ១២,៩៤% , អង្ករចំហ៊ុយ ២,៩២ %, អង្ករសរីរាង្គចំនួន ១,៦២%, អង្ករសគ្រាប់ខ្លីចំនួន ០,០៣% និងអង្ករដំណើបចំនួន ០,២០%។

គួរឲ្យកត់សម្គាល់ថា ការនាំចេញស្រូវរបស់កម្ពុជា សម្រេចបានក្នុងបរិមាណ ៤ ,៣៨លានតោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណ ១,៣២ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៦៤% បាននាំចេញឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ ការនាំចេញស្រូវ មានការកើនឡើងលើបរិមាណចំនួន ២៦,៥០% និងទឹកប្រាក់មានកំណើនចំនួន ៥៦,៦៩% បើធៀបឆ្នាំ ២០២២៕

×