រាជធានីភ្នំពេញ ÷ ឆ្លើយតបទៅនឹងក្រុមអ្នកដែលមិនពេញចិត្តទិវាជ័យជម្នះ ៧មករា និងទិវាសន្តិភាព ២៩ធ្នូ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើទៅកាន់អ្នកទាំងនោះ សូមធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់ ហើយសាកល្បងនឹងគ្រោះថ្នាក់នៅទីនោះចុះ ដល់ពេលនោះនឹងបានដឹងហើយថា ថ្ងៃអនុស្សាវរីយ៍ទាំង២នេះមានតម្លៃប៉ុណ្ណាចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងលើកឡើងបែបនេះក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤, ដោយសម្ដេចតេជោបានសង្កត់ថា ខ្ញុំសូមផ្ដាំផ្ញើទៅកាន់មនុស្សមួយចំនួន ប្រសិនបើលោកអ្នកមិនពេញចិត្តជាមួយនឹងការឈប់សម្រាក ទិវាជ័យជំនះ ថ្ងៃទី៧ ខែមករា និងទិវាសន្តិភាព ថ្ងៃទី២៩ ខែធ្នូ ទេនោះ សូមអស់លោកធ្វើដំណើរទៅកាន់ចម្ការមីនដែលនៅសេសសល់ ដើម្បីសាកល្បងជាមួយនឹងគ្រោះថ្នាក់ដែលពួកអស់លោកគួរតែប្រថុយ ប្រសិនបើអស់លោកអ្នកពិតជាជើងឯកប្រឆាំងនឹងថ្ងៃជ័យជំនះ ៧មករា និងប្រឆាំងជាមួយទិវាសន្តិភាព មែននោះ។
ទិវាជ័យជម្នះ ៧មករា គឺជាស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការកាប់សម្លាប់រង្គាលគ្មានហេតុផល និងការចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារី សាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះវិលត្រឡប់មកវិញបាន។

ចំណែកឯថ្ងៃទី២៩ ខែធ្នូ គឺជាការប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងទទួលបានសន្តិភាពពេញលេញរយៈពេល ២៥ឆ្នាំ (ទិវាសន្តិភាព ២៩ធ្នូ)។
សម្ដេចតេជោ ហ៊ុនសែន តែងតែលើកឡើងញឹកញាប់ថា បើគ្មានការផ្ដួលរំលំរបប ប៉ុល ពត និងគ្មានសន្តិភាពទេ តើប្រជាជនមានសិទ្ធិរស់រានមានជីវិតដែរទេ? មានសេរីភាពដែរទេ? មានអ្នកការពារសិទ្ធិមនុស្សដែរទេ? មានអ្នកការពារបរិស្ថានដែរទេ? មានអ្នកវិនិយោគ និងពាណិជ្ជកម្មដែរទេ? ប្រជាពលរដ្ឋមានការងារធ្វើដើម្បីជីវភាពដែរទេ? មានបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដែរទេ? ជាពិសេស មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរទេ?៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN










