វីដេអូឃ្លីបនៃឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់ចិត្តមួយ បានកំពុងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ាឡេស៊ី ខណៈបានបង្ហាញនៅពេលដែលស្ត្រីម្នាក់មានគ្រោះថ្នាក់ក្នុងអំឡុងពេលទឹកជំនន់ ហើយភ្លាមៗនោះ នាងក៏ត្រូវបានចរន្តទឹកហូរនាំយកទៅយ៉ាងលឿន ដែលបណ្តាលឲ្យនាង និងរថយន្តរបស់នាង បានធ្លាក់ចូលក្នុងប្រឡាយដ៏ជ្រៅ។ តែអ្វីដែលគួរឲ្យកោតសរសើរជាខ្លាំងនោះ គឺពេលនោះមានពលរដ្ឋល្អម្នាក់ដើរកាត់ឃើញបែបនេះ គាត់ក៏បានលោតចុះមកក្រោមយ៉ាងលឿន ដោយមិនគិតដល់អាយុជីវិតរបស់គាត់នោះទេ ហើយអាចសង្គ្រោះស្ត្រីរងគ្រោះយ៉ាងល្បឿន។
ឧបទ្ទវហេតុនេះបានកើតឡើងនៅតាមបណ្តោយផ្លូវមួយក្នុងតំបន់ Jalan Samsu នៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ តាមវីដេអូឃ្លីបបង្ហាញឱ្យឃើញថា ពេលដែលប្រជាពលរដ្ឋល្អម្នាក់បានឃើញស្ត្រីម្នាក់កំពុងអណ្តែតជាមួយរថយន្តក្នុងប្រឡាយ ភ្លាមៗនោះគាត់ក៏បានស្ទុះឡើងលោតចុះទៅក្នុងទឹកយ៉ាងលឿន។ គាត់បានទៅដល់ស្ត្រីរងគ្រោះភ្លាមៗ ហើយបាននាំនាងចេញទៅមាត់ច្រាំងដោយជោគជ័យក្នុងពេលត្រឹមតែ ៥ វិនាទី ប៉ុណ្ណោះ។
តែដោយសារតែវីដេអូឃ្លីបនេះដែលបង្ហាញបុរសជនជាតិសាម៉ារីដ៏ល្អម្នាក់នោះ បានជួយសង្គ្រោះជីវិតស្ត្រីរងគ្រោះក្នុងគ្រោះថ្នាក់រថយន្ត មានរយៈពេលខ្លីត្រឹមតែ ១៤ វិនាទី ដោយឃ្លីបត្រូវបានកាត់ដល់ទីបញ្ចប់ ដែលជាហេតុធ្វើឱ្យគេមិនអាចដឹងពីជោគវាសនារបស់វីរបុរសរូបនេះបានឡើយ។ ទោះជាយ៉ាងណា បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានចែករំលែកតៗគ្នា ធ្វើឲ្យមហាជនជាច្រើន នាំគ្នាសរសើរពីទឹកចិត្តរបស់បុរសរូបនោះយ៉ាងខ្លាំង ដែលគាត់ក្លាហានហ៊ានប្រថុយជីវិតខ្លួនឯង ដើម្បីជួយសង្រ្គោះអ្នកដទៃ និងព្រមទាំងជូនពរឲ្យលោកមានសុវត្ថិភាពផងដែរ។
តែយ៉ាងណាមិញ បន្ទាប់ពីរឿងនេះបានក្លាយជាចំណុចនិយាយវែកញែក ពីសំណាក់មហាជន ខណៈមនុស្សជាច្រើនក៏មានការងឿងឆ្ងល់ពីសុវត្ថិភាពបុរសអ្នកជួយសង្គ្រោះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងគេហទំព័រ Sinchew បានបង្ហាញថា តាមពិតទៅបុរសជនជាតិសាម៉ារីដ៏ល្អម្នាក់នោះបានរួចជីវិតដោយសុវត្ថិភាព។ ឈ្មោះរបស់គាត់គឺ Zhou Renzhong អាយុ ៥៨ ឆ្នាំ ។
លោក Renzong បានផ្តល់បទសម្ភាសន៍អំពីឧប្បត្តិហេតុនេះឲ្យដឹងថា នៅខណៈពេលនោះ គាត់និងមិត្តភក្តិបានបើកបរឆ្លងទីក្រុង មុនពេលប្រទះឃើញមានអ្វីមិនប្រក្រតីនៅសងខាងផ្លូវ ទើបគាត់ឈប់រថយន្ត ហើយក៏ឃើញស្ត្រីម្នាក់កំពុងអណ្តែតមកជាមួយរថយន្ត នៅពេលមានទឹកជំនន់ដ៏ខ្លាំង ហើយនាងអាចលង់ទឹក។ ពេលនោះគាត់ក៏សម្រេចចិត្តលោតចូលដោយមិនគិតមួយជីវិត។ ហើយព្យាយាមចាប់ស្ត្រីនោះ ហើយនាំនាងទៅច្រាំង។ ដោយមានជំនួយពីមិត្តភក្តិ និងមនុស្សផ្សេងទៀតដែលនៅទីនោះផងដែរ។
លោក Renzong និយាយថា៖ «ខ្ញុំបានចូលទៅជួយដោយមិនគិតអ្វីទាំងអស់ ព្រោះឃើញមនុស្សប្រុងនឹងត្រូវទឹកហូរនាំយកមុខ ហើយអាចនឹងស្លាប់។ បើអ្នកមិនមានលុយ គឺអ្នកអាចរកបានថ្មីជានិច្ច ប៉ុន្តែអ្នកមានជីវិតតែមួយប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនមានជីវិត អ្នកនឹងមិនអាចចាប់ផ្តើមជាថ្មីម្តងទៀត»។
លោក Renzong បានបន្ថែមថា មូលហេតុមួយដែលធ្វើឱ្យគាត់មានទំនុកចិត្ត ក្នុងការលោតចូលទៅក្នុងទឹក គឺដោយសារតែគាត់មានជំនាញហែលទឹក ហើយបាននិងកំពុងអនុវត្តគ្រប់ពេលវេលាទៀតផង។ ហេតុនេះហើយ គាត់ពិតអរគុណយ៉ាងខ្លាំដែលរាងកាយរបស់គាត់មានកាយសម្បទាល្អ ដើម្បីអាចជួយជនរងគ្រោះដោយគ្រោះមហន្តរាយមួយនេះបាន។ គាត់មានអារម្មណ៍សប្បាយចិត្តដែលគាត់អាចជួយជីវិតអ្នកដទៃ រួចផុតពីសោកនាដកម្ម និងអាចត្រលប់មកវិញដោយសុវត្ថិភាព និងគ្មានរបួស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង