ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅទីក្រុងតូក្យូ ដើម្បីពិនិត្យកែវភ្នែកសិប្បនិម្មិត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ កំពុងធ្វើដំណើរតាមយន្តហោះ ដើម្បីទៅពិនិត្យសុខភាពភ្នែក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

អមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យភ្នែកនេះ មានកូនសម្តេច៤នាក់ និងចៅយ៉ាយ៉ា ដែលសម្តេចតែងបង្ហោះអំពីសកម្មភាពជាសាធារណៈផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូតាមរយៈបណ្ដាញសង្គម Tiktok នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា៖«កំពុងធ្វើដំណើរទៅតូក្យូ ដើម្បីផលិតកែវភ្នែកសិប្បនិម្មិត ជាមួយកូន ៤នាក់ និងចៅយ៉ាយ៉ា»។ “កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែល ខ្ញុំបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ(1990.2024)។ ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។ កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុន ជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះភាគីជប៉ុន នឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយៈពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាម ដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែកខ្ញុំរយៈពេល៣៤ឆ្នាំកន្លងមក”។

សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ , ១ថ្ងៃមុនពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេលនេះមានរយៈពេល៤៩ឆ្នាំមកហើយ។ ជាមួយនឹងពិការភាពនេះ សម្តេចបានប្រើប្រាស់ភ្នែកសប្បនិមិត្តរបស់ជប៉ុន ដែលមានគុណភាព និងមិនធ្វើឱ្យឈឺភ្នែក។

សូមរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ អគារតេជោអភិវឌ្ឍន៍ នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអរគុណដល់មិត្តជប៉ុន ដែលបានជួយផលិតកែវភ្នែកសិប្បនិម្មិត ជូនសម្តេចតេជោប្រើប្រាស់អស់រយៈពេលជាង ៣០ឆ្នំាដោយគ្មានបង្កបញ្ហាដល់សម្តេចម្តងណាឡើយ។

សម្តេចបានថ្លែងនាពេលនោះថា៖ តាំងពី១៩៩០ រហូតដល់ឥឡូវ ៣៣ឆ្នាំ ខ្ញុំអត់ដែលឈឺក្បាលដោយសារតែដាក់កែវភ្នែក (ផលិតដោយជប៉ុន) គឺវាត្រូវ។ អ៊ីចឹងបើបានមិត្តជប៉ុនជួយមករៀបចំឱ្យមានកន្លែងផលិតគ្រាប់ភ្នែកសិប្បនិម្មិត (នៅកម្ពុជា) គឺល្អណាស់។

ក្នុងឱកាសបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្តេចធ្លាប់បានបញ្ជាក់ថា នៅមុនពេលដែលខ្ញុំប្រើកែវភ្នែកសិប្បនិម្មិតរបស់ជប៉ុន ខ្ញុំឧស្សាហ៍ឈឺក្បាលជាប្រចាំ រហូតដល់ខ្ញុំដាក់ថ្នាំឈឺក្បាលជាប់ជានិច្ច ប៉ុន្តែពេលដែលខ្ញុំទៅប្រទេសជប៉ុន ខ្ញុំបានទទួលការរៀបចំកែវភ្នែកសិប្បនិម្មិតឱ្យខ្ញុំ តាំងពីពេលនោះមក ខ្ញុំមិនដែលឈឺក្បាលនោះទេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម