រាជធានីភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានថ្លែងថា អ.ដ.ក បានពិនិត្យ និងសម្រេចអនុម័តយល់ព្រមជាគោលការណ៍លើឯកសារ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ និងចាំបាច់សម្រាប់ការចាប់ផ្តើមនៃកិច្ចដំណើរការការងាររបស់ អ.ដ.ក ដោយចាប់ផ្ដើមជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក សម្រាប់ដំណាក់កាលដំបូង ៦០នាក់។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួន នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក , ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំលើកទី១នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) បានសម្រេចអនុម័តជាគោលការណ៍ ដូចតទៅ ÷
ទី១- ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក , និង
ទី២-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់ការផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក។
អង្គប្រជុំនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឱ្យដឹងថា ការចាប់ផ្ដើមជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សម្រាប់ដំណាក់កាលដំបូងនេះ អ.ដ.ក. នឹងចាប់ផ្ដើមប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៦០នាក់ ដែលក្នុងនោះ ៣០នាក់ នឹងត្រូវជ្រើសរើសពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍិតាមការកំណត់របស់ អ.ដ.ក តាមរយៈការប្រឡងប្រជែង, និង ៣០នាក់ទៀត នឹងត្រូវជ្រើសរើសដោយពុំឆ្លងកាត់ការប្រឡងប្រជែងពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍិខ្ពស់ ដូចជា អតីតចៅក្រម អតីតព្រះរាជអាជ្ញា ឥស្សរជន ឬមន្ត្រីសាធារណៈដែលមានបទពិសោធន៍ក្នុងការងារ ដោះស្រាយវិវាទ ជាដើម។

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលត្រូវបានជ្រើសរើស នឹងត្រូវទទួលការបណ្តុះបណ្តាលជំនាញ ស្របតាមព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នឹងប្រកាសជូនដំណឹងអំពីការចាប់ផ្ដើមទទួលពាក្យស្នើសុំចូល ធ្វើជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចាប់ពីសប្តាហ៍ទី២ នៃខែមករា នេះទៅ ដែលកាលបរិច្ឆេទជាក់លាក់នៃការទទួលពាក្យស្នើសុំ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នឹងធ្វើការជូនដំណឹងជាក្រោយ, ហើយនៅថ្ងៃនោះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏នឹងធ្វើសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹងកិច្ចដំណើរការរបស់ អ.ដ.ក. ផងដែរ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចាប់ផ្ដើមទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងដោះស្រាយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។នាយកដ្ឋានទទួលពាក្យបណ្ដឹង និងកិច្ចការទូទៅ ស្ថិតនៅអគារពហុបំណងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានទីតាំងស្ថិតនៅ មហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN


























