ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលជួយផលិតកែវភ្នែកសប្បនិមិត្តចំនួន៥គ្រាប់ទៀត ជូនសម្តេច ដើម្បីប្រើប្រាស់ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
រដ្ឋាភិបាលជប៉ុន ធ្លាប់បានផលិតកែវភ្នែកសិប្បនិមិត្តជូនសម្តេច រយៈពេល ៣៤ឆ្នាំ មកហើយ ដោយផលិតផលកែវភ្នែកជប៉ុននេះ ពុំបង្កឱ្យសម្តេចឈឺភ្នែក ឬឈឺក្បាលនោះឡើយ។

តាមរយៈបណ្តាញសង្គម សម្តេចបានបញ្ជាក់ដូច្នេះថា៖ ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០ ដែលតែងតែ ធ្វើឱ្យខ្ញុំឈឺភ្នែក និងឈឺក្បាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសប្បនិមិត្តដែល ខ្ញុំបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយ(1990.2024)។ ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុនខ្ញុំមិនដែលឈឺក្បាលឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។ កាលពីឆ្នាំ២០១៧រដ្ឋាភិបាលជប៉ុន ជួយផលិតជាជំនួយចំនួន៥គ្រាប់លើកនេះភាគីជប៉ុន នឹងជួយផលិតចំនួន៥គ្រាប់ទៀត ដែលអាចប្រើបានរយៈពេល១០ឆ្នាំទៀត គឺ១ឆ្នាំប្រើមួយគ្រាប់។ នេះជាលទ្ធផលនៃប្រទេសដែលមានសង្រ្គាម ដូចនេះហើយបានជាខ្ញុំដឹកនាំស្វែងរកសន្តិភាពនិងរក្សាសន្តិភាព។ សូមអរគុណរដ្ឋាភិបាលជប៉ុននិងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែកខ្ញុំរយៈពេល៣៤ឆ្នាំកន្លងមក”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






