ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកំណែទម្រង់ប្រលងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ និងបង្កើតនូវវប្បធម៌ម្ចាស់ការ ទទួលខុសត្រូវលើខ្លួនឯង

ភ្នំពេញ ៖ ពីវេទិកាជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការកំណែទម្រង់ប្រលងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ និងបង្កើតនូវវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯង។ កំណែទម្រង់មិនមែនជាបដិវត្តន៍ ដោយលុបចោលរាល់គោលនយោបាយចាស់នោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កោតសរសើរក្រសួងអប់រំ ដែលបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំការប្រលងបាក់ឌុប បានល្អប្រសើរ និងបានអបអរសាទរជាមួយសិស្សទាំងអស់ ដែលប្រលងជាប់បាក់ឌុប។
សម្តេចធិបតីបានថ្លែងថា លទ្ធផលប្រលងបាក់ឌុប បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព និងភាពល្អប្រសើរនៃការធ្វើកំណែទម្រង់អប់រំ ជាពិសេសការប្រលងបាក់ឌុប។ សម្តេចបានលើកទឹកចិត្តដល់អ្នកធ្លាក់បាក់ឌុប កុំអស់សង្ឃឹម ព្រោះដំណើរនៅវែងឆ្ងាយបន្តទៀត។

សម្តេចធិបតីបានមានប្រសាសន៍អំណរគុណលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានប្រឹងប្រែងបណ្តុះបណ្តាល អប់រំ និងបង្កលក្ខណៈផ្សេងៗ ឱ្យសិស្ស ឱ្យកូន ទទួលបានលទ្ធផលល្អលើការសិក្សារៀនសូត្រ និងអរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រការធ្វើកំណែទម្រង់អប់រំ និងការប្រលងបាក់ឌុប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងមូលធនមនុស្ស គឺជាកិច្ចការដ៏សំខាន់ហើយ ការអប់រំមិនមែនសម្រាប់តែគោលដៅប្រាក់ខែមួយមុខនោះទេ។ គោលដៅធំ៤នៃការអប់រំ គឺអប់រំជាមនុស្សមានចំណេះដឹង, ចេះធ្វើ បង្កើតជំនាញ, ជាពលរដ្ឋល្អ មានសីលធម៌, និងអប់រំឱ្យចេះរស់នៅក្នុងប្រកបដោយសុខដុមរមនា។ ការកំណែទម្រង់ប្រលងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ និងបង្កើតនូវវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា កំណែទម្រង់មិនមែនជាបដិវត្តន៍ ដោយលុបចោលរាល់គោលនយោបាយចាស់នោះឡើយ។ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនមែនធ្វើបដិវត្តន៍ទេ។ ខ្ញុំសូមបញ្ជាក់ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនផ្តាច់ចោល មិនមែនលុបចោលគោលនយោបាយពីមុនទាំងអស់ មិនមែនដូចជំនាន់ខ្មែរក្រហមលុបចោលកម្មសិទ្ធិឯកជន ដាក់អីផ្សេងៗយើងអត់ទេ។ គោលនយោបាយ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជាចីរភាព និរន្តរភាពនៃនយោបាយដែលមានពីមុនមក ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ គឺផ្អែកលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ប៉ុន្តែអ្វីដែលយើងធ្វើនោះ គឺកំណែទម្រង់ជាការចាំបាច់។ ប្រលងដូចគ្នា ប្រលងពីមុនយើងមានកំណែទម្រង់ច្រើនណាស់ តាំងពីឆ្នាំ៨០មក តាំងពីដំណាក់កាលយើងអត់មានធនធាន ចេញមកអ្នកអត់ចេះបង្រៀនអ្នកចេះ យើងត្រូវកែសម្រួលដើម្បីទំនើបកម្មជាជំហាន»។

បើតាមប្រសាសន៍សម្តេចធិបតី ការប្រលងបាក់ឌុប ឆ្នាំ២០១៤ កំណែទម្រង់នោះ មិនមែនជាការធ្វើបដិវត្តន៍ទេ ពោលគឺជាការកំណែទម្រង់ពង្រឹង និងសម្រួច នូវសមិទ្ធផលបន្ថែម ដើម្បីរីកចម្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សម្តេចបានចារឯកភាពឱ្យក្រសួង ៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។

សម្តេចធិបតីបន្តថា ដើម្បីកំណែទម្រង់ទទួលបានជោគជ័យត្រូវឈរលើកត្តាចំនួន៤រួមមាន៖ ១) មានចក្ខុវិស័យច្បាស់លាស់ ដោយឈរលើប្រយោជន៍ជាតិ, ២) ការប្តេជ្ញាចិត្តខ្ពស់, ៣) ការចូលរួមដោយស្មោះត្រង់ និង៤) ការលះបង់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចារឯកភាពឱ្យក្រសួង៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។
សម្តេចមានសុទិដ្ឋិនិយមខ្ពស់ក្នុងការកសាងជាតិឆ្ពោះទៅរកការរីកចម្រើន តែទាមទារឱ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សនិទ្ទេសAទាំងអស់ ដែលក្នុងម្នាក់ៗទទួលបាន ថវិកា ២លានរៀល iPad មួយគ្រឿង សៀវភៅអប់រំទូន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ផងដែរ។ ចំណែកលោកគ្រូ អ្នកគ្រូ ដែលអញ្ជើញមកចូលរួមជាង៤២៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១លានរៀល សៀវភៅអប់រំ២ក្បាល និងផ្ដល់ជូនសាលារៀនដែលសិស្សបាននិទ្ទេសAទាំងអស់ ក្នុង១សាលាទទួលបានថវិកា៣លានរៀល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម