ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី លី ធុជ ៖ អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក KARUBE Masakazu ប្រធានអង្គការ Japan Mine Action Service_JMAS ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រយៈពេលជាង ៣០ ឆ្នាំ ក្នុងនោះអង្គការ JMAS បានចូលរួមចាប់តាំងពីឆ្នាំ២០០២ និងបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានប្រមាណជាង ១៧ គីឡូម៉ែត្រក្រឡា ក៏ដូចជាចូលរួមដល់កិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង។ ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា សកម្មភាពមីន គឺជាកិច្ចការចំាំបាច់ក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ មុននឹងចាប់ផ្តើមការងារបោសសម្អាតមីន ប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួន មិនមានដីសុវត្ថិភាពប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល ប៉ុន្តែបច្ចុប្បន្ននេះ តំបន់មួយចំនួននៅប្រទេសកម្ពុជា បានទទួលដីសុវត្ថិភាពគ្រប់គ្រាន់ ហើយជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ លទ្ធផលទាំងនេះ បានមកពីការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងនោះប្រទេសជប៉ុនគឹជាដៃគូរមួយយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន។

ក្នុងនាមជប៉ុនជាមិត្តវិស័យមីនដ៏លេចធ្លោមួយរយៈពេលជាង ៣០ឆ្នាំ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែត្រូវការការគាំទ្រពីប្រទេសជប៉ុន ក៏ដូចជាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។

លោក KARUBE Masakazu បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ចំពោះការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌របស់អង្គការ JMAS នៅកម្ពុជា ក្រោមភាពជាដៃគូរជាមួយមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា។ លោកបានបន្តលើកឡើងថា អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួន។

ចូលមើលព័ត៌មានថ្មីៗបន្ថែម