កំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង និងបានផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ២៦ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ករណីសំណើរបស់ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សុំកាត់ឆ្វៀល និងអាស្រ័យផលលើទីតាំងដីក្នុងតំបន់៣ នៃតំបន់ទន្លេសាប ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង អាចអាស្រ័យផលក្នុងដីតំបន់៣នេះ បានមួយរដូវជាបណ្ដោះអាសន្ន ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែកក្កដា ឆ្នាំ២០២៤។

សូមរំលឹកថា បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅថ្ងៃទី៥ ខែ មករា ឆ្នាំ២០២៤ , ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី សូមជម្រាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
កម្មវត្ថុ ៖ ករណីសំណើរបស់ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សុំកាត់ឆ្កៀល និងអាស្រ័យផល លើទីតាំងដីក្នុងតំបន់៣ នៃតំបន់ទន្លេសាប ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ដោយយោងតាមលិខិតលេខ៤៤៤៨ ដនស/ក្រ.វ.ដីធ្លី ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លិខិតលេខ០០៥ ខន/០២៤ សជណ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ របស់ខុទ្ទកាល័យសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ដូចខាងក្រោម៖
១-អនុញ្ញាតឱ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់៣នៃបឹងទន្លេសាបក្នុង ភូមិសាស្ត្រស្រុកកំពង់លែង បានប្រើប្រាស់អាស្រ័យផលបណ្តោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ឃុំ ស្រុក ខេត្ត។ ២-បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រួតពិនិត្យវាយតម្លៃអំពីស្ថានភាពនៃកិរិយាកាន់កាប់ដី និងអាស្រ័យផលជាក់ស្ដែងនៅក្នុងតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំតំបន់៣ ឆ្លើយតបតម្រូវការចាំបាច់ចំពោះមុខ និងដំណើរវិវឌ្ឍន៍របស់សង្គមជាតិ។ ៣-គណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំងសរុបតាមការចាំបាច់ ដោយមានកិច្ចសហការពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និង សមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីតំបន់ព្រៃលិចទឹកនៃតំបន់ទន្លេសាប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី












