Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទ្វារ​យន្តហោះ ផ្ទុះ​ចេញពី​លើ​អាកាស​ដ៏​រន្ធ,,ត់ ខណៈ​វីដេអូ​បង្ហាញ​អ្នកដំណើរ ១៧៧ នាក់ ម្នាក់ៗ​​អង្គុយ​សឹងតែ​គ្មាន​ព្រលឹងព្រលះ​អស់​ហើយ

នេះជាករណីដ៏កម្រមួយ ដែលធ្វើឲ្យមនុស្សជុំវិញពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលយន្តហោះ Boeing 737 Max 9 របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ដែលមានអ្នកដំណើរ ១៧៧ នាក់ ត្រូវចុះចតជាបន្ទាន់ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីផ្នែកខ្លះនៃបង្អួច និងផ្ទាំងទ្វារ បានផ្ទុះនៅកណ្តាលអាកាស។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយបានបង្ហាញពីអ្នកដំណើរនៅលើយន្តហោះ អង្គុយយ៉ាងស្ងប់ស្ងាត់នៅក្នុងកៅអីរបស់ពួកគេ បន្ទាប់​ពី​ផ្នែក​ខ្លះ​នៃ​ទ្វារ​សង្គ្រោះ​បន្ទាន់​របស់​យន្តហោះ​បាន​ធ្លាក់​ចេញ ពី​កណ្តាល​អាកាស ខណៈយន្តហោះ​បានកំពុង​ហោះ​ក្នុង​រយៈកម្ពស់ ១៦.០០០ ហ្វីត​ (ជិត ៥ គីឡូម៉ែត្រ) នៅ​ពេល​នោះ ដែលជាហេតុធ្វើឲ្យអ្នក​បើក​យន្តហោះ​ត្រូវ​ហោះ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន Portland វិញ មុន​ពេល​យន្តហោះ​ចុះ​ចត​ដោយ​សុវត្ថិភាព និងពុំ​មាន​សេចក្តីរាយការណ៍​ពី​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ពី​ឧបទ្ទវហេតុ​នេះ​ទេ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​មូលហេតុ និងរួម​ទាំង​ការ​បញ្ជា​ឱ្យ​ផ្អាក​ការ​ប្រើ​ប្រាស់​យន្តហោះ Boeing 737 Max 9 ជាង ១៧០ គ្រឿង​ ជា​បណ្ដោះអាសន្ន ដើម្បីត្រួតពិនិត្យស្តង់ដារសុវត្ថិភាព ដោយក្រុមហ៊ុន United Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះបែបនេះច្រើនជាងគេនៅសហរដ្ឋអាមេរិក។ ជើងហោះហើរជាង ៤៧០ ត្រូវបានលុបចោលបន្ទាប់ពីឧបទ្ទវហេតុនេះ ហើយចាប់ផ្តើមត្រួតពិនិត្យយន្តហោះ។ លទ្ធផលនៃការត្រួតពិនិត្យបានរកឃើញថា យន្តហោះ Boeing 737 Max 9 របស់ក្រុមហ៊ុនអាកាសចរណ៍នេះមួយចំនួន មានទ្វាររលុង។

ក្រោយមកមានសេចក្តីរាយការណ៍មកថា ទ្វារសង្គ្រោះបន្ទាន់របស់យន្តហោះធ្លាក់ ត្រូវបានរកឃើញនៅ​​ផ្ទះ​អ្នកស្រុកមួយស្ថិតក្នុងទី​ក្រុង Portland ហើយផ្នែក​ខ្លះ​នៃ​ទ្វារ​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ មិន​ខូច​ខាតនោះទេ។ មន្ត្រីបានបញ្ជារឲ្យក្រុមការងារជំនាញបច្ចេកទេស ធ្វើការពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុពិតនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ។

ក្រៅ​ពី​ផ្នែក​ខ្លះ​នៃ​ទ្វារ​សង្គ្រោះ​បន្ទាន់​របស់​យន្តហោះ​ ដែល​បានធ្លាក់ចេញពីកណ្តាលអាកាស ទូរស័ព្ទ​ដៃ iPhone ១គ្រឿង ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ ដែលធ្លាក់ពីលើយន្តហោះនោះ នៅកម្ពស់ 16,000 ហ្វីត ហើយនៅតែនៅដដែល និងត្រៀមប្រើប្រាស់ដោយគ្មានស្នាមប្រេះស្ទើរមិនគួរឲ្យជឿ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×