Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង

ភ្នំពេញ ៖ ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គមជាពិសេស សមាជិកគ្រួសារ មិត្តភ័ក្តិរួមការងារ និងអ្នកដទៃផងដែរ។ ជាតិអាល់កុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ ២ ទៅ ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុល អាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយ ច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើន ពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។ គ្រឿងស្រវឹងក៏បង្កឱ្យ មានផលប៉ះពាល់រយៈពេលវែងដូចជា៖

ជំងឺក្រិនថ្លើម ខូចថ្លើម
ជំងឺមហារីក ៖ មាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់ ។ល។
ជំងឺមហារីកឈាម
ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ
បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺ វង្វេងពេលឈានចូលវ័យចំណាស់ (Dementia)
ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង
អសមត្ថភាពផ្លូវភេទ ជំងឺបេះដូង និងសរសៃឈាម
ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល) ជំងឺខ្សោយសាច់ដុំ និងឆ្អឹង
ទារកមានការលូតលាស់មិនប្រក្រតី នៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ ជំងឺមិនឆ្លងផ្សេងៗទៀត៖ លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ ។ល។
លើសពីនេះទៀត វាអាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែល ប្រាសចាកពីសីលធម៌សង្គម។ ទន្ទឹមនឹងនេះដែរ គ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ ដូចជា អំពើហឹង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាតបង់ផ្សេងៗ។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យត្រូវចៀសវាងពី ការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង ដោយឡែកអ្នក កំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទី ស្រឡាញ់របស់អ្នក។ ភស្តុតាងថ្មីៗ របស់អង្គការសុខភាពពិភពលោកបង្ហាញថា មិនមានកម្រិតសុវត្ថិភាពន ការប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយគ្រប់ផលិតផលគ្រឿងស្រវឹងសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព។ សូមកុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ ឬកំពុងបញ្ហាគ្រឿងម៉ាស៊ីនផ្សេងៗ ពេលកំពុងមានផ្ទៃពោះ និងបំបៅដោះកូន ឬអ្នកមានបញ្ហាសុខភាពផ្សេងៗ។

ក្រសួងសុខាភិបាលសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រួសារ សាលារៀន និងសហគមន៍ ចូលរួម បង្កើតបរិយាកាសកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដូចជាអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង លើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យលះបង់ការប្រើប្រាស់គ្រឿងស្រវឹង។ សូមសា្ថប័នផ្សេងទៀត ចូលរួមជួយគាំទ្រ និងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង តាមរយៈការឆ្លើយតបពហុវិស័យ ដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថបុគ្គល គ្រួសារ សហគមន៍ ឱ្យជ្រើសរើសទម្លាប់រស់នៅដោយគ្មានផលិតផលគ្រឿងស្រវឹង។ សូមអាជ្ញាធរដែនដី សហការគ្រប់គ្រងការដាក់ស្លាកប៉ាន់ណូផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី