Saturday, June 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណងកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន, មានលទ្ធិប្រជាធិបតេយ្យចាក់ឫសជ្រៅក្នុងសង្គមជាតិ

ភ្នំពេញ :សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនៃ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជនគណបក្ស បណ្តាអង្គការមហាជន មន្ត្រី និងសមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គី យ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្ដាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តនូវភារកិច្ចរបស់ ខ្លួនឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

សម្តេចអគ្គមហាសេនាបតីតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែង ការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី បណ្តាគណបក្ស នយោបាយ និងគ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានការជឿជាក់ និងគាំទ្រដល់ការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ”។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធីមីទ្ធីងរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥)ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥នៅវិមាន៧មករា។

សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ក៏សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីដំណាក់ កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រៀងរហូតមក។

ក្នុងជំហរស្មោះត្រង់ឥតងាករេចំពោះគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងនាមគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា សូមធ្វើការបញ្ជាក់នូវចំណុចមួយចំនួនទៀតដូចខាងក្រោម៖
១- គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណងកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន, មានលទ្ធិប្រជាធិបតេយ្យចាក់ឫសជ្រៅក្នុងសង្គមជាតិ, មានការធានាចំពោះសមភាព សមធម៌ និងយុត្តិធម៌សង្គម, ប្រជាជនមានចំណេះដឹង និងការងារធ្វើកាន់តែប្រសើរ មានសុខភាពមាំមួន វប្បធម៌ថ្លៃថ្លា មានសាមគ្គី- ភាព និងជីវភាពរស់នៅសមរម្យ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជា និងពីអំពើហិង្សាគ្រប់ទម្រង់។

២- ការដឹកនាំត្រឹមត្រូវខាងនយោបាយជាកត្តាចម្បងនៃជ័យជម្នះ អាស្រ័យហេតុនេះ គណបក្ស ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលើគ្រប់ផ្នែកឱ្យបានជាប្រចាំ ទាំងការយល់ដឹង និងការប្រតិបត្តិឱ្យ ឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ជាតិ ជាពិសេសសភាពការណ៍សេដ្ឋកិច្ច សង្គម និងសភាព- ការណ៍អន្តរជាតិដែលមានការវិវត្តឥតឈប់ឈរ ដោយប្រកាន់ខ្ជាប់មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ និងការពង្រឹងពង្រីកទំនាក់ទំនងក្រៅប្រទេស ដើម្បីធានានូវការដាក់ចេញ កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា លើរាល់បញ្ហាបានត្រឹមត្រូវ។

៣- ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះទាំងក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និង ការពារមាតុភូមិ ប្រជាជនជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ដល់ការដឹកនាំនយោបាយក្នុងសង្គមជាតិ។ ប្រវត្តិសាស្ត្រជាក់ស្តែងរបស់កម្ពុជាជាង ៤ទសវត្សមកនេះ បានបញ្ជាក់ច្បាស់នូវប្រការខាងលើនេះថា បើប្រជាជនយល់ ប្រជាជនជឿ ប្រជាជនគាំទ្រ និងចូលរួម ទើបគណបក្សអាចសម្រេចនូវបុព្វហេតុរបស់ ខ្លួនបាន។ អាស្រ័យហេតុនេះ រាល់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវស្មោះត្រង់នឹង ប្រជាជន យកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន ផ្អែកលើប្រជាជន និងរៀនសូត្រពីប្រជាជន។

៤- គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូប ត្រូវក្ដាប់ឱ្យជាប់ នូវមូលហេតុទាំង ៦យ៉ាងនៃជោគជ័យរបស់គណបក្ស ដើម្បីតម្រែតម្រង់ទិសសកម្មភាពឱ្យបានត្រឹមត្រូវ ក្នុងការបន្តកសាងពង្រឹងគណបក្ស ការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ការមិនយកចិត្តទុកដាក់ចំពោះមូលហេតុទាំងអស់ នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តកម្មវិធីនយោបាយ និងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់
គណបក្សដែលចាំបាច់ត្រូវតែជម្នះ និងដោះស្រាយឱ្យបានឆាប់នៅទីកន្លែងណាដែលមានភាពអសកម្មនេះ។

៥- អំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាយុទ្ធសាស្ត្រឈ្នះរបស់គណបក្សនៅ គ្រប់កាលៈទេសៈ។ ប្រជាជនយល់ដឹងពីគណបក្ស ជឿលើគណបក្ស ហើយចូលរួមសកម្មអនុវត្តកម្មវិធី នយោបាយរបស់គណបក្ស គឺតាមរយៈជួរមន្ត្រីនេះឯង។ ហេតុនេះ មន្ត្រីគណបក្សត្រូវតែរឹងមាំ និងស្អាតស្អំ ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌។ ការជាក់ស្តែងបានបង្ហាញថាប្រជាជនត្រូវការតួនាទី ដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែប្រជាជនមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រី មួយចំនួន។ អាស្រ័យហេតុនេះ មន្ត្រីគ្រប់រូបត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និង ប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជនឡើយ។

៦- សាមគ្គីភាពជាតិជាអាយុជីវិតរបស់ជាតិ មានសាមគ្គីភាពទើបជាតិរស់ បើបែកបាក់សាមគ្គី- ភាពជាតិនឹងត្រូវស្លាប់ ប្រវត្តិសាស្ត្របានបង្ហាញច្បាស់គ្រប់គ្រាន់ហើយនូវហេតុផលនេះ គណបក្ស ប្រជាជនកម្ពុជា ដែលបានជ្រោងទង់មហាសាមគ្គីជាតិនៅគ្រប់ដំណាក់កាល នឹងបន្តអនុវត្តកាតព្វកិច្ចនេះ ប្រកបដោយជំហរទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជា- ណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តវប្បធម៌សន្ទនាប្រកបដោយភាពប្រាកដ ជាក់ស្តែង ជាមួយបណ្តាគណបក្សនយោបាយនានា និងមជ្ឈដ្ឋានផ្សេងៗក្នុងសង្គម ដើម្បីបង្កើតភាព សុខដុម ការពង្រឹងឯកភាពជាតិ និងការថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យ ដែល គោរពដល់ភាពចម្រុះនៃទស្សនៈ និងម បានផ្តល់មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយ បញ្ហាសង្គម និងនយោបាយ ដោយឈរលើមូលដ្ឋាននីតិរដ្ឋ និងការផ្សះផ្សាជាតិ។ ក្នុងទិសដៅនេះ គណបក្ស ប្រជាជនកម្ពុជាបានធ្វើសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន ២៨ ដោយ គោរពឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ស្មើភាព និងស្មើសិទ្ធិ ដើម្បីប្រមូលកម្លាំងស្នេហា ជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែង។

៧- សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេស វិសាលដែលយើងសម្រេចបានមកយ៉ាងលំបាកតាមរយៈនយោបាយឈ្នះ ឈ្នះ ដោយឆ្លងកាត់ការតស៊ូ ការអត់ធ្មត់ និងការទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់។ ប៉ុន្តែសន្តិភាពនៅមានការគំរាមកំហែងនៅ ឡើយពីសំណាក់ក្រុមជ្រុលនិយមមួយក្ដាប់តូចដែលព្យាយាមធ្វើឱ្យសង្គមមានការបែកបាក់ ពោរពេញ ដោយកំហឹង ការភាន់ច្រឡំ និងភាពសម្អប់ សំដៅឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយ ហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គម កម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាពបានឡើយ។ ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ថែមទៀតថា ចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវ បញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។

៨- ប្រទេសកម្ពុជាដ៏កម្សត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើ ប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះ កម្ពុជា បានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេស។ យើងត្រូវការបំផុតនូវ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយ ប្រជាជាតិណាមួយឡើយ។ នៅក្នុងចំណុចនេះ ខ្ញុំចង់គូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដី កម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈក្នុងការដោះ ស្រាយបញ្ហាយ៉ាងណាក្តី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវ ជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់ រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធី ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ ២០០០។
ពីអតីតកាល កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពាន ដណ្ដើមយកពីបរទេស។ យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យ អាណានិគមនិយមឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរមិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី។ ខ្ញុំសូម អំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រដល់ កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។ ខ្ញុំក៏សូមយក ឱកាសនេះ ថ្លែងនូវការគោរពចំពោះវីរភាពរបស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងប្រកបដោយជំហរលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុត៕ រក្សាសិទ្ធដោយ : សុទ្ធលី

×