Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់​ទន្លេ​ល្ពៅ និង​ទន្លេ​មេគង្គ​លើ កំពុង​ជន់​លិចលង់​ឃុំ​២ នៅ​ស្រុក​ឆែ​ប ឯ​ស្ទឹងត្រែង និង​ក្រចេះ កំពង់ចាម កំពុង​លិចលង់​

​ខេត្ត​ព្រះវិហារ​ ៖ ស្ថានភាព​ទឹកទន្លេ​ល្ពៅ និង​ទន្លេ​មេគង្គ​លើ ដែល​ធ្លាក់​មក​ពី​ប្រទេស​ឡាវ និង​ថៃ បាន​ជន់​ឡើង​ខ្លាំង​បាន​បង្ក​ផល​បះ​ពាល់​ដោយ​ទឹកជំនន់​នេះ លើ​ឃុំ​កំពង់​ស្រឡៅ​១ និង​ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។ ករណីនេះ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​ដែល​អមដំណើរ​ដោយ​លោក​សំ លាង​ទ្រី ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ ​រួមជាមួយ​អាជ្ញាធរ​ស្រុក​ឆែប និង​អង្គភាព មន្ទីរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​។​

​ពាក់ព័ន្ធ​ការចុះទៅ​ឃុំ​កំពង់​ស្រឡៅ​១ និង​កំពង់​ស្រឡៅ​២ របស់លោក​អភិបាល​ខេត្ត​នា​ពេល​នេះ លោក​ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា​៖ គឺ​ទៅ​មើល​ស្ថានភាព​ជាក់ស្ដែង​ជាមុន​ ​ដើម្បី​ត្រៀម​លក្ខណៈ​ពេល​ទឹក​លើង​ខ្លាំង និង​រក​ចំណុច​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​នៅ​បណ្ដោះអាសន្ន​។​

​រដ្ឋបាល​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​១ ខែ​សីហា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ​មេគង្គ​លើ និង​ទន្លេរ​ល្ពៅ ឲ្យ​យក​ស្មារតី​ប្រុងប្រយ័ត្ន នូវ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង ឡើង​ខ្លាំង​នេះ ​ព្រមទាំង​ឲ្យ​អាជ្ញាធរ​ស្រុក​ឆែ​ប ក្រើន​រំលឹក​​ដល់​ប្រជាពលរដ្ឋ​យើង ​និង​ត្រូវ​ត្រៀម​គ្រប់​មធ្យោបាយ​នានា​ក្នុង​ការជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព​។​

​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ និង​ទន្លេ​ល្ពៅ កំពុង​កើនឡើង​ខ្ពស់​ដោយសារ​កម្រិត​ទឹកភ្លៀង នៅ​តំបន់​អាង​ទន្លេមេគង្គ ក្នុង​ប្រទេស​ថៃ​និង​ឡាវ ដល់​កម្រិត​ត្រៀម​បង្ការ សង្គ្រោះ និង​បន្ត​កើនឡើង​ជា​បន្ត​បន្ទាន់ នៅ​ថ្ងៃ​ខាងមុខ​ទៀត នាំឲ្យ​មាន​ការលិចលង់​តំបន់​មួយចំនួន​តាម​បណ្តោយ​ព្រំដែន​ព្រះវិហារ ចម្ប៉ា​សាក់ ។

​អាជ្ញាធរ​ស្រុក ត្រូវ​ពង្រឹង​ការតាមដាន​ត្រួតពិនិត្យ ក្រើនរំលឹក​ទៅ​អាជ្ញាធរ​ឃុំ សហគមន៍​របស់​ខ្លួន ឲ្យមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ​និង​ប្រឹងប្រែង​អស់​លទ្ធភាព​សហការ និង​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាពលរដ្ឋ សត្វ​ចិញ្ចឹម សម្ភារៈ​ប្រើប្រាស់​ដែល​នឹង​អាច​រង​ការលិចលង់ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព បាន​ទាន់ពេលវេលា ជា​ពិសេស​ត្រូវ​មាន​មន្ត្រី​ប្រចាំការ​របស់ខ្លួន ​ដើម្បី​ប្រមូល​ព័ត៌មាន សម្របសម្រួល​ទំនាក់ទំនង និង​រាយការណ៍​មក​លេខាធិការដ្ឋាន គ្រប់​គ្រប់​គ្រោះថ្នាក់​មហន្តរាយ​ខេត្ត រដ្ឋបាលខេត្ត ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ចំណែក​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ខណៈ​ទឹក​ទន្លេមេគង្គ​កំពុង​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ នា​ព្រឹក​ថ្ងៃទី ១ ​ខែ​សីហា ឆ្នាំ ២០១៨ នេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ចាម បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត ​រៀបចំ​ដំឡើង​ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ២ គ្រឿង នៅ​ចំណុច​ស្ពាន​គី​ហ្សូ​ណា ដើម្បី​ត្រៀម​បូម​រំដោះ​ទឹកបញ្ជៀ​ស​ការលិចលង់​ក្រុង​កំពង់ចាម ។ គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ម៉ោង ១១ ព្រឹក​ថ្ងៃ​ទី ១ ខែ​សីហា នេះ ​ទឹក​ទន្លេមេគង្គ​ក្នុង​ខេត្ត​កំពង់ចាម បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១៤,៨៩ ម៉ែត្រ ហើយ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ​) ។​

​នា​ព្រឹក​ថ្ងៃទី ១ ខែ​សីហា ឆ្នាំ ២០១៨ នេះ ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម​ចំនួន ២ គ្រឿង បន្ថែមទៀត កំពុង​ត្រូវបាន​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រៀបចំ​ដំឡើង ដើម្បី​ជួយ​អន្តរាគមន៍ បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ក្រុង​ស្ទឹងត្រែង ។

​មកដល់ពេលនេះ ការអន្តរាគមន៍​បូម​ទឹកភ្លៀង ចេញពី​ក្រុង​ស្ទឹងត្រែង គឺ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម សរុប ចំនួន ៣ គ្រឿង​នៅលើ ៣ ទីតាំង​ផ្សេងៗ​គ្នា ក្នុងនោះ ៖ ទី​តាំងទី ១ ស្ថិត​នៅ​ចំណុច​ភូមិ​កណ្តាល សង្កាត់​ស្ទឹង​ត្រែង ។ ទី​តាំងទី ២ ​ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ស្ទឹង​ត្រែង ។ ទី​តាំងទី ៣ ស្ថិត​នៅ​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ។​

​សូមជម្រាបថា ទន្ទឹម​នឹង​ការ​គម្រាមកំហែង ពី​ទឹកជំនន់​ទន្លេមេគង្គ​លើ តំបន់​មួយចំនួន ក្នុង​ក្រុង​ស្ទឹងត្រែង ក៏​កំពុង​រង​ការលិចលង់​ដោយ​​​ជំនន់​ទឹកភ្លៀង​ផងដែរ ។​ ​ទឹក​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង បាន​បន្ត​កើនឡើង​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន មួយ​ចំនួន​បន្ថែម​ទៀត ​នា​ព្រឹក​ថ្ងៃទី ១ ខែ​សីហា ឆ្នាំ ២០១៨ នេះ ។ សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ៣១ នេះ ទឹក​ទន្លេមេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​មាន​កម្ពស់ ១០,៩៣ ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ត្រឹមតែ ១០,៧០​ម៉ែត្រ ប៉ុណ្ណោះ ។​ ​ឯ​ទឹក​ទន្លេមេគង្គ ជន់​ឡើង​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេ ក្នុង​ខេត្ត​ក្រចេះ ។​

សូម​បញ្ជាក់​ជូន​ថា មក​ដល់​ម៉ោង ៥ ល្ងាច ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេមេគង្គ​ក្នុង​ខេត្ត​ក្រចេះ បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ២១,៦១ ម៉ែត្រ ហើយ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២ ម៉ែត្រ​) ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើកឡើង​ថា ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម ចំនួន ២ គ្រឿង ត្រូវបាន​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ រៀបចំ​ដំឡើង​រួច និង​កំពុង​ដំណើរការ​បូម​រំដោះ​ជំនន់​ទឹកភ្លៀង ចេញពី​ដី​ស្រែ​កសិករ​ក្នុងស្រុក​មង្គល​បូរី​។​

​គួរ​រំលឹក​ជូន​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ​បានធ្វើឱ្យ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា​របស់​កសិករ​ជាង ២ ពាន់​ហិកតា រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ។​ ​ជា​ដំណោះស្រាយ​ចំពោះមុខ ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​អន្តរាគមន៍​បើកទ្វារ​ទឹក​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ពាក់ព័ន្ធ​មួយចំនួន ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដោះ​ទឹកជំនន់​ចេញពី​ក្នុង​ស្រែ ។ ជាមួយគ្នានេះ មន្ទីរ​ក៏​កំពុង​រៀបចំ​ដំឡើង​ម៉ាស៊ីន​បូម​ទឺកចល័ត​ខ្នាតម​ធ្យ​ម ចំនួន២ គ្រឿង ដើម្បី​ជួយ​ដល់​ការងារ​អន្តរាគមន៍​ខាងលើនេះ​ផងដែរ ធ្វើយ៉ាងណា​ធានា​នូវ​ការប្រមូល​ផល​របស់​កសិករ​បាន​ទាន់ពេលវេលា ។​

​ស្ថានភាព​កម្ពស់​ទឹកទន្លេ នៅ​ថ្ងៃ​ទី ៣១ ខែកក្កដា គឺ​ទន្លេមេគង្គ ស្ទឹងត្រែង ១០,៩៣​ម៉ែត្រ លើស​កម្រិត​ប្រកាសអាសន្ន ​ត្រឹមតែ​១០,៧០​ម៉ែត្រ​ប៉ុណ្ណោះ ទន្លេមេគង្គ​ក្រចេះ ២១,៦១​ម៉ែត្រ ទន្លេមេគង្គ​កំពង់ចាម ១៤,៧០​ម៉ែត្រ ទន្លេបាសាក់​ចតុមុខ ៨,៨១​ម៉ែត្រ ទន្លេមេគង្គ​អ្នក​លឿង ៦,៤៤​ម៉ែត្រ ទន្លេបាសាក់​កោះ​ខែល ៧,៤០​ម៉ែត្រ និង​ទន្លេសាប​ព្រែ​ក្តាម ៧,១៥​ម៉ែត្រ​ ៕ ​ដោយ ​៖ ​កូឡាប​

    

×