គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០២២ អតីតតារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈដែលពីបានដឹងថា អ្នកនាងបានធ្លាក់ខ្លួនដល់ចំណុចសូន្យ សូម្បីតែលុយធ្វើបុណ្យសពម្តាយក៏គ្មានដែរ។ តែទន្ទឹមនឹងនោះ អ្នកនាង សឿ សុធារ៉ា ក៏ទទួលបានក្តីអាណិតអាសូរពីសំណាក់ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្តល់ជំនួយឧបត្ថមចំនួន ២ ម៉ឺនដុល្លារ ដើម្បីឲ្យ សឿ សុធារ៉ា យកទៅទិញផ្ទះជាជម្រកសម្រាប់កូនៗ និងឪពុក ស្ថិតនៅក្នុងបុរី ម៉ន ដានី គម្រោង២៩ ផ្លូវជាតិលេខ៣។
ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្របពេលដែលឪពុករបស់អ្នកនាង ក៏បានទទួលមរណភាពកាលពីពេលថ្មីៗនេះទៀត ស្រាប់តែអ្នកនាង សឿ សុធារ៉ា បានដាច់ចិត្តទម្លាយចេញនៅក្នុងអំឡុងធ្វើបុណ្យសពឪពុក ឲ្យមហាជនបានដឹងថា តាមពិតទៅ លុយចំនួន ២ ម៉ឺនដុល្លារ ដែលអតីតរដ្ឋមន្ត្រីផ្តល់ឲ្យដើម្បីយកទៅទិញផ្ទះ គឺរហូតមកដល់ពេលនេះមានរយៈពេលជាង ១ ឆ្នាំ ហើយ ដែលខាងបុរី ម៉ន ដានី មិនទាន់ធ្វើផ្ទះឲ្យនោះទេ។ ហេតុនេះ អ្នកនាង សឿ សុធារ៉ា ក៏បានស្នើទៅកាន់ម្ចាស់បុរី ម៉ន ដានី ឱ្យជួយចាត់ចែងបង្វិលលុយចំនួន ២ ម៉ឺនដុល្លារ នោះត្រឡប់វិញ ដើម្បីនាងយកទៅសាងសងផ្ទះរស់នៅលើដីដែលគេទើបអោយនៅក្នុងខេត្តកំពុងឆ្នាំង។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញអ្នកនាង សឿ សុធារ៉ា បានស្នើសុំរួចមក ម្ចាស់បុរី ម៉ន ដានី ក៏បានឆ្លើយតបវិញផងដែរថា៖ «ជូនលោកស្រី សឿ សុធារ៉ា យោងតាមព័ត៌មានទទួលបានពីការបង្ហោះរបស់លោក ហ្វីលីប សូមលោកស្រី មេត្តាចូលរួមសហការ ជាមួយក្រុមការងារសាងសង់ផ្ទះ លោក ហួត ហយ និងប្រធានគម្រោងលោក លួម ផល្លី ដើម្បីពិនិត្យឯកសារ និងសំណើរបស់លោកស្រី។ សូមស្នើលោកស្រី សឿ សុធារ៉ា ទំនាក់ទំនង និងធ្វើសំណើផ្ទាល់មកកាន់ ក្រុមការងារគម្រោង ម៉ន ដានី និងភូមិដ្ឋានសន្តិភាពដើម្បីក្រុមការងារ ពិនិត្យមានព័ត៌មានច្បាស់លាស់ មុនឈានដល់ការដោះស្រាយជូន លោកស្រី សឿ សុធារ៉ា»។
ជាមួយគ្នានេះ មហាជនសង្ឃឹមជឿជាក់ថា ម្ចាស់បុរី ម៉ន ដានី នឹងជួយដោះស្រាយបញ្ហានេះជូនដល់អ្នកនាង សឿ សុធារ៉ា ដែលកំពុងជួបទុក្ខជាន់ទុក្ខ ឲ្យបានផ្ទះជាជម្រករស់នៅឆាប់ៗ និងក៏ដូចអតិថិជនដទៃទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង