Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ល្បី​ខ្លាំ​ង យុវជន២នាក់​កំពូល​ញ៉ាំ លោភ​គ្រឿង​សមុទ្រ​ដាក់​ឡើង​ហៀរ​តុ ត្រូវ​ម្ចាស់​ប៊ូ​ហ្វេ​ថត​បង្ហោះ បង្ក​ការ​វែ​កញែក ពេលនេះ​បានដឹង​ការពិត​ហើយ

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤ អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​ប៊ូហ្វេ​គ្រឿង​សមុទ្រ​ នៅក្នុង​ខេត្ត​កំពង់ស្ពឺ បាន​បង្ហាញ​រូបភាព​បរិយាកាស​ក្នុង​ហាងរបស់ខ្លួន​នា​ពេល​យប់។ ប៉ុន្តែ​អ្វី​ដែល​ចាប់​អារម្មណ៍ជាខ្លាំងនោះ ​គឺ​រូបភាពយុវជន២នាក់ ដែល​ជា​អតិថិជន​នៅ​តុ​តែ​មួយ ខណៈម្នាក់ឈ្ងូកមុខចុះ ខណៈម្នាក់ទៀតប្រហែលកំពុងបឺតស្រាក្នុងកែវ ទាំងទឹកមុខគួរឲ្យអៀនខ្មាស ខណៈនៅលើតុគឺពេញទៅដោយគ្រឿងអាហារបង្គា បង្កង និងក្តាម ដាក់ជង់គរលើគ្នារហូតសឹងតែគ្មានទំនេរ។

ជាការពិតណាស់ ចំពោះរូបភាពនេះផងដែរ គឺក្រោយពីត្រូវបានបង្ហោះ ខណៈម្ចាស់ហាងក៏ពុំបានបញ្ជាក់ពីហេតុផលអ្វី ដោយគ្រាន់តែសុំឱ្យបងប្អូនដាក់ចំណងជើងឲ្យផង ក៏បានធ្វើឲ្យមនុស្សជាច្រើនបានគិតថា នេះប្រហែលមកពីអតិថិជនទាំងពីរយកគ្រឿងសមុទ្រដ៏ច្រើនលើសលប់ ហើយប្រហែលពុំមានលុយបង់ថ្លៃផាកពិន័យ ទើបម្ចាស់ហាងថតបង្ហោះបែបនេះទៅ រីឯអ្នកខ្លះទៀតយល់ឃើញបែបនេះថា ម្ចាស់ប៊ូហ្វេថតបង្ហោះ ព្រោះបានជួបរបស់ពិត!!។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់នោះ គឺថាតាមពិតទៅ នេះគ្រាន់តែជារូបភាពមួយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនប៉ុណ្ណោះ ខណៈម្ចាស់ហាងក្រោយពីទទួលមតិរិះគន់ បានចេញមុខបកស្រាយហេតុផលថា បន្ទាប់​ពី​គិត​លុយ​រួច តម្លៃ​សរុប​ដែល​អតិថិជន​ទាំង​ពីរ​ត្រូវ​បង់​គឺ​ត្រឹមតែ 16.50 ដុល្លារ ប៉ុណ្ណោះ។ ហើយក៏បានឆ្លៀតឱកាសផ្សព្វផ្សាយថា មិនថាអ្នកញ៉ាំច្រើន ឬតិចទេ អ្នកនឹងត្រូវគិតថ្លៃដូចគ្នា។ លើសពីនេះ ម្ចាស់ហាងក៏បានប្រាប់ថា ញ៉ាំមិនទាន់ឆ្អែត អាចយកថែមបាន ពោលគឺដាក់ទាល់តែឆ្អែត មិនគិតម៉ោង ពេលវេលានោះទេ សំខាន់កុំឲ្យតែវេចខ្ចប់ទៅផ្ទះ។ ទន្ទឹមនឹងនេះ ម្ចាស់ហាងក៏ថ្លែងអំណរគុណ ដល់អតិថិជនសម្រាប់ការគាំទ្រដ៏លើសលុប។

ក្រោយ​ការ​បង្ហោះ​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក អ្នក​លេង​អ៊ីនធឺណិត​បាន​ចូល​មក​បញ្ចេញ​មតិព្រោងព្រាត​ថា ​«បបួលគ្នាហើយៗបង តែមិនដឹងថ្ងៃណាបានទៅទេចង់ទៅដល់ហើយ, ចង់ទៅញ៉ាំដែរ តែខ្លាចញ៉ាំច្រើន បងថតបង្ហោះ,…»។ តែក្នុងនោះ អ្នកខ្លះទៀត ក៏បានបង្ហាញក្តីព្រួយបារម្ភជំនួសថា «ប្រសិនបើអ្នកជួបកំពូលអ្នកហូបច្រើនបែបនេះញឹកញាប់ អ្នកអាចនឹងក្ស័យធន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×