ជប៉ុន៖ រសៀលថ្ងៃទី ១១ ខែមករា ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា “ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អាន ក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការ ជាមួយគ្នាក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនគីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាល នាពេលល្ងាចនេះ”។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំសូមអរគុណចំពោះឯកឧត្តមគីស៊ីដាហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋានៈជាមិត្តចាស់ម្នាក់និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។
ខ្ញុំសូមអរគុណផងដែរ ដល់មិត្តភក្តិទាំងអស់ដែលមកជួបពិភាក្សាជាមួយខ្ញុំពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ។
(មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានថាពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថាសុខភាពខ្ញុំមិនល្អមកលាងឈាមមិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់)។

យើងសូមប្រាប់ទៅពួកអ្នកវិញថាសុខភាពហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជាទើបហ៊ុន សែន លាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យពួកអ្នកការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពហ៊ុន សែន។
ក្រោយម៉ោង២ល្ងាចថ្ងៃស្អែកទី១២មករា២០២៤ ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញ សូមពួកជ្រុលនិយមកុំបារម្មពីខ្ញុំធ្វើអីគិតពីខ្លួនឯងទៅល្អជាង”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





