Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់​ធ្វើឲ្យ​គ្រូពេទ្យ​ភ្ញាក់ផ្អើល ទៅ​ស្ទួ​ចត្រី ស្រាប់តែ​មក​ផ្ទះ​វិញ​ជា​មួយ «ត្រី» ជាប់ «ជើង» ដោយសារតែ…

ថ្មីៗនេះ មានរឿងដ៏កម្រមួយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញរូបភាពក្មេងប្រុសម្នាក់ បាននាំត្រីដ៏ធំមួយក្បាលចងជាប់នឹងជើង ទៅកាន់មន្ទីរពេទ្យ ដែលធ្វើឲ្យមនុស្សជាច្រើន មានការងឿងឆ្ងល់ថា មិនដឹងជាមានរឿងអ្វីកើតឡើងទៅលើក្មេងរូបនោះទេ។

តែយ៉ាងណាមិញ បើតាមទំព័រហ្វេសប៊ុកសហគមន៍ព័ត៌មានខេត្ត ខនកែន បានបង្ហោះរូបភាពនិងសរសេររៀបរាប់គួរឲ្យភ្ញាក់ផ្អើលថា៖ «​មានរឿងដ៏ចម្លែកបំផុត​មួយ នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ នៃមន្ទីរពេទ្យមួយក្នុងខេត្តខនកែន ខណៈដែលក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាមួយនឹងត្រីដ៏ធំមួយក្បាលស្ទើរតែប៉ុនជើងក្មេងប្រុសនោះ បន្ទាប់​ពីគាត់​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​មិត្ត​ភក្តិ ហើយ​ខំទាញ​ខ្លាំងពេក ​រហូត​ដល់ផ្លែសន្ទួច​ជាប់​នឹង​ជើង​ខ្លួន​ឯងតែម្តង»។

ផេកខាងលើក៏បានសរសេរបន្តថា៖ «ដំបូង​ គ្រូពេទ្យ​បានធ្វើ​ការវះកាត់ដោះត្រីនោះចេញ និងបន្ទាប់មក វះកាត់ដោះផ្លែសន្ទួចដែល​ជាប់​នៅ​ជើង​របស់​ក្មេងប្រុសយ៉ាងងាយស្រួល។ ប៉ុន្តែ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ ក្មេងប្រុសរូបនោះបាន​ប្រាប់​គ្រូពេទ្យ​ថា «លោក​វេជ្ជបណ្ឌិត សូម​ឲ្យ​ត្រី​មក​ខ្ញុំ​វិញមក ខ្ញុំនឹងយកវាទៅញ៉ាំ ជាមួយគ្រួសារសម្រាប់អាហារពេលល្ងាច»។ តែទោះជាយ៉ាងណា ត្រូវបានដឹងថា ត្រីនោះត្រូវបានបោះចោលតាមផ្លូវ ខណៈក្មេងប្រុសវិលត្រឡប់មកផ្ទះវិញ។

តាមការសាកសួរ ក្មេងប្រុសរូបនោះដែលមានឈ្មោះ ណង ហ្វុន អាយុ ១១ ឆ្នាំ បានប្រាប់ពីហេតុការណ៍នេះឲ្យដឹងថា បន្ទាប់ពីត្រឡប់មកពីសាលារៀនវិញ រូបគេបានសុំលោកយាយរបស់គេ ទៅស្ទួចត្រីជាមួយមិត្តភក្តិ។ នៅពេលនោះ រូបគេក៏ស្ទួចបានត្រីធំមួយក្បាល ប៉ុន្តែ បន្ទាប់ពីព្យាយាមលើកយកមកដោះ ត្រីដ៏ធំនោះក៏ស្រាប់តែរើបម្រាស់យ៉ាងខ្លាំង ហើយក៏បានប៉ះទង្គិចបណ្តាលឲ្យផ្លែសន្ទួចជាប់នឹងជើងរបស់រូបគេតែម្តង។ ភ្លាមៗនោះ រូបគេក៏បានឲ្យមិត្តភក្តិជួយដោះផងដែរ ប៉ុន្តែ មិនអាចធ្វើទៅបាននោះទេ។

ដោយឡែក ទាក់ទងរឿងលេចឮតាមបណ្តាញសង្គមថា ចៅប្រុសរបស់ខ្លួន សុំពេទ្យយកត្រីមកផ្ទះហូប លោកយាយ ណា ទ្រី អាយុ ៥៨ ឆ្នាំ ដែលជាជីដូន បានប្រាប់ឲ្យដឹងថា នៅពេលឮបែបនេះ គាត់ក៏បានទូរស័ព្ទសួរទៅចៅថា៖ « តើចៅយកត្រីមកទេ? ណង ហ្វុន ក៏បានប្រាប់ថា រូបគេមិនបានយកមកទេ គឺបានបោះចូលក្នុងព្រៃរួចហើយ។ ចំណែករបួសវិញមិនមែនជារឿងធំនោះទេ។ មិនជ្រៅ ហើយក៏មិនឈឺចាប់ដែរ»។

ចំណែក ណង ហ្វុន វិញបាននិយាយថា វាមិនឈឺដូចការវះកាត់ខ្នែងពោះវៀននោះទេ ហើយថ្ងៃនេះខ្ញុំបានទៅសាលារៀនដូចធម្មតា។ យាយ​ហាម​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​ទៅស្ទួចត្រី​ទៀត ប៉ុន្តែ ខ្ញុំប្រាប់គាត់​ថា ពេលរបួសជាសះ រូបគេនឹង​ទៅ​ដូច​ធម្មតា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×