ទោះបីជាសាលាមត្តេយ្យភាគច្រើនសព្វថ្ងៃមានឯកសណ្ឋានក៏ដោយ ប៉ុន្តែសម្រាប់សិស្សថ្នាក់មត្តេយ្យសាលាជាទូទៅ មិនសូវតឹងរ៉ឹង ឬតម្រូវឱ្យសិស្សស្លៀកពាក់ឯកសណ្ឋានជារៀងរាល់ថ្ងៃនោះទេ ដូច្នេះហើយ ទើបឪពុកម្តាយតែងតែជ្រើសរើសឲ្យកូនរបស់ពួកគេស្លៀកពាក់ដោយសេរី នៅពេលទៅសាលារៀន។ ឪពុកម្តាយខ្លះក៏ចង់ឱ្យកូនៗរបស់ពួកគេស្លៀកពាក់ស្អាតៗ ដើម្បីទៅសាលារៀនផងដែរ។
ដូចជាករណីឪពុកម្តាយមួយ នៅក្នុងប្រទេសចិន ដោយសារតែពួកគេមានកូនស្រីពៅរៀននៅមតេយ្យ ហើយកូនស្រីមានរូបឆោមដ៏ស្រស់ស្អាត និងមានតែមួយគត់នៅក្នុងគ្រួសារ ហេតុនេះ ស្រ្តីជាម្តាយតែងមើលថែថ្នាក់ថ្នម និងរកអ្វីដែលល្អៗមកឱ្យកូនស្រីគ្រប់សព្វ ជាពិសេសចូលចិត្តតុបតែងខ្លួនឲ្យកូនស្រី ប្រៀបដូច «ព្រះនាងតូច» អ៊ីចឹង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីសាលាត្រូវបានផ្លាស់ទៅនៅជិតផ្ទះដែលក្រុមគ្រួសារកំពុងជួល។ ក្នុងថ្ងៃចូលរៀនថ្ងៃដំបូង ស្រ្តីជាម្ដាយបានស្លៀករ៉ូប «ព្រះនាង»យ៉ាងស្រស់ស្អាត ដែលធ្វើឱ្យអ្នករាល់បានឃើញហើយសរសើរនាងតូចមិនដាច់ពីមាត់នោះទេ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ក្មេងស្រីតូចនោះបានត្អូញត្អែរទៅម្ដាយរបស់នាងថា នាងនៅតែមិនស្គាល់ ឬស្និទ្ធស្នាលជាមួយមិត្តរួមថ្នាក់ណាម្នាក់នៅសាលាឡើយ ដែលធ្វើឲ្យឪពុកម្តាយមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះពួកគេបានដឹងពីបុគ្គលិកលក្ខណៈរបស់កូនស្រីនាងយ៉ាងច្បាស់ថា នាងរួសរាយរាក់ទាក់ណាស់។
ក្រោយមក គ្រូបានអញ្ជើញឪពុកម្តាយរបស់ក្មេងស្រី ទៅសាលាដើម្បីជួបពិភាក្សាគ្នាអំពីរឿងនេះ។ ប៉ុន្តែ បន្ទាប់ពីបានទៅជួបជាមួយគ្រូ ឪពុកម្តាយពិតជាមានការភ្ញាក់ផ្អើល ពេលឮអ្នកគ្រូណែនាំឲ្យឈប់ឱ្យកូនស្រីស្លៀកសម្លៀកបំពាក់ព្រះនាងទៅសាលារៀនទៀត។ ហើយមូលហេតុ គឺដោយសារកូនស្រីស្លៀកពាក់លេចធ្លោពេក ស្លៀកសំលៀកបំពាក់ដ៏ប្រណិត និងមានតម្លៃថ្លៃ ដូច្នេះ គ្មានមិត្តរួមថ្នាក់ណាម្នាក់ហ៊ានចង់ស្និទ្ធស្នាលជាមួយ ឬធ្វើមិត្តជាមួយនាងឡើយ។
ទោះជាយ៉ាងណា ដោយសារតែមិនអស់ចិត្ត នៅពេលត្រឡប់មកដល់ផ្ទះវិញ ស្រ្តីជាម្ដាយក៏បានសួរទៅកាន់កូនស្រីថា តើនៅសាលារៀន មិត្តរួមថ្នាក់ស្លៀកពាក់បែបណ? ភ្លាមៗនោះ កូនស្រីតូចក៏បានឆ្លើយតបថា៖ «នៅសាលាអ្នករាល់គ្នាស្លៀកពាក់សាមញ្ញ គ្មាននរណាម្នាក់ស្លៀកពាក់សំពីងសំពោងដូចជាកូនទេ»។ ពេលបានឮកូនស្រីប្រាប់បែបនេះ នៅថ្ងៃបន្ទាប់ ស្ដ្រីជាម្ដាយក៏បានស្លៀកពាក់កូនស្រីសមរម្យ ឲ្យចូលក្នុងចំណោមគេឯងវិញ ដើម្បីឲ្យនាងអាចមានមិត្តរួមថ្នាក់ដូចជាក្មេងៗដទៃទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង