ភ្នំពេញ ៖ ស្លាកយីហោ បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន នៅទូទាំងរាជធានីភ្នំពេញលែងមានវត្តមានទៀតហើយនៅថ្ងៃទី២០វិច្ឆិកានេះ។
នេះបើតាមការបញ្ជាក់អោយដឹងពីលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញក្រោយពីតុលាការកំពូលកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិចោលកាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងមកនេះ។
លោកម៉េត មាសភក្តី បានបញ្ជាក់ថា នៅថ្ងៃទី២០វិច្ឆិកានេះ តទៅ ស្លាកយីហោ, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ មិនមានវត្តមានទេ ដោយអាជ្ញាធរមូលដ្ឋានបានប្រមូលរុះរើចេញអស់ហើយ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦វិច្ឆិកា២០១៧ កន្លងទៅ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្ត្រីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ក្រោយពីតុលាការកំពូលចេញដីកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងប់ស្ងៀម ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយសម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕ដោយ៖កូឡាប