ថ្មីៗនេះ វីដេអូឃ្លីបមួយនៃមង្គលការមួយនៅក្នុងប្រទេសវៀតណាម បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងអ៊ីនធើរណែត ដែលបង្ហាញពីខណៈពេល «សើចលាយយំ» នៅពេលព្យុះបានបោកបក់ចូលរោងការ ស្របពេលដែលទិដ្ឋភាពដ៏ផ្អែមល្ហែមកូនកំលោះជិតថើប និងស្បថចំពោះគ្នា។
យោងតាមវីដេអូ គេអាចមើលឃើញថា កូនក្រមុំ និងកូនកំលោះឈរនៅលើឆាកយ៉ាងរីករាយ ខណៈពិធីករសុំអ្នកទាំងពីរថើបគ្នា ដើម្បីបញ្ជាក់ពីស្នេហានៅចំពោះមុខភ្ញៀវ។ ប៉ុន្តែ ចៃដន្យ ព្យុះដ៏ខ្លាំងមួយបានបោកបក់មកលើ ធ្វើឲ្យបង្គោលរោងការឡើងប៉ើងពីដី ខណៈភ្ញៀវដែលចូលរួមក្នុងពិធីស្ទុះទៅចាប់បង្គោល ដើម្បីការពារកុំឱ្យវាដួលរលំ និងបង្កឱ្យមានរបួស ឬអាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតក៏ថាបាន។
ខណៈកូនក្រមុំកូនកំលោះដែលមិនបានត្រៀមខ្លួន ដើម្បីទប់ទល់នឹងស្ថានភាពបែបនេះ នៅតែថើប និងស្បថតាមការស្នើសុំពីពិធីករ ប៉ុន្តែនៅទីបំផុត ត្រូវបានរំខានដោយការស្រែករបស់អ្នកចូលរួម។ ពួកគេទាំងពីរនាក់បានត្រឹមតែឈរមើលភាពវឹកវរជុំវិញខ្លួន ខណៈមនុស្សម្នាដែលចូលរួម ម្នាក់ៗទឹកមុខឡើងស្លេកស្លាំងគ្រប់គ្នាអស់ហើយ។
ស្ថានភាពអាពាហ៍ពិពាហ៍នេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អនឡាញភ្លាមៗ។ មនុស្សជាច្រើនសម្តែងការអាណិតដល់កូនកំលោះក្រមុំ ពេលដែលអាកាសធាតុ មិនអំណោយផលបានកើតឡើងនៅថ្ងៃដ៏សំខាន់របស់ពួកគេបែបនេះ ខណៈដែលអ្នកខ្លះបានបញ្ចេញមតិលួងចិត្តដល់ពួកគេថា «នេះជាអ្វីដែលគ្រូទាយនិយាយថា នេះជាថ្ងៃដ៏ស្រស់ស្អាត រងទុក្ខមុន សុភមង្គលពេលក្រោយ។ ប្រសិនបើមានព្យុះនៅក្នុងពិធីមង្គលការ ពេលរៀបការរួចនឹងមិនមានព្យុះទៀតទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង