Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​ពាណិ​ជ្ជ​កម្ម៖ ទី​ណា​ដែល​ប្រ​ជា​ជន​ជួប​ការ​លំ​បាក ទី​នោះ​មាន​ទេវ​តា​តាម​យក​អា​សា

កំពង់ចាម ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់​ចាម បានគូសបញ្ជាក់ថា ទេវតា និងមនុស្សលោកតែងមានទំនាក់ទំនងគ្នា ហើយទីណាដែលប្រជាជនជួបការលំបាក​ទីនោះប្រាកដជាមានវត្តមានរបស់ទេវតាតាមយកអាសាជានិច្ច ជាក់ស្តែងវត្តមានរបស់ក្រុមការងារថ្នាក់ជាតិនៃគណបក្សទេវតាថ្ងៃនេះ គឺដើម្បីជួយ​សង្គ្រោះ និងតាមថែរក្សាប្រជាពលរដ្ឋទាំងអស់។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ដូច្នេះ នាឱកាសចុះសំណេះសំណាល និងនាំយកអំណោយជាសម្ភារៈប្រើប្រាស់​ និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ១៤៨៥នាក់ មកពី ៣២៥គ្រួសារ​ នៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៣២៥គ្រួសារ និងបានជម្រាបជូនពីការជួយជ្រោមជ្រែង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារថ្នាក់ជាតិ សម្រាប់ប្រជាពលរដ្ឋរងគ្រោះទូទៅ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា និងនិន្នាការនយោបាយ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋភូមិកំពង់សំណាញ់ ដែលបានបោះឆ្នោតជូនសម្តេច ហ៊ុន សែន បន្តធ្វើ​ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើអាជ្ញាធរមូលដ្ឋានបន្តជួយសម្របសម្រួលការផ្លាស់ទីលំនៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយសហការជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗចំពោះមុខ ទាំងក្នុងពេលបច្ចុប្បន្ន និងក្រោយពេលទឹកជំនន់ស្រកចុះ។

បន្ថែមលើសនេះ លោករដ្ឋមន្ត្រីក៏បានអញ្ជើញធ្វើដំណើរតាមកាណូត ដើម្បីពិនិត្យមើលស្ថានភាពកម្ពស់ទឹកជំនន់ ដែលកំពុងកើនឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យជន់លិចផ្ទះ និងស្រែចំការមួយចំនួនរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិកំពង់សំណាញ់ និងបានចុះសំណេះសំណាលផ្ទាល់ ជាមួយគ្រួសារប្រជាពលរដ្ឋរងគ្រោះ ដែលបានភៀសខ្លួន មករស់នៅទីទួលសុវត្ថិភាព ផងដែរ ៕ ដោយ ៖បញ្ញាស័ក្តិ

×