ថ្មីៗនេះ នៅថ្ងៃទី១៦ ខែមករា គេហទំព័រ Sanook បានចុះផ្សាយឲ្យដឹងថា វីដេអូឃ្លីបមួយបានកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកជាភាសាថៃមួយដាក់ឈ្មោះថា «ឡាវមើលងាយថៃ (Laos “looks” at Thailand)» បានបង្ហោះជាមួយ Caption បែបនេះថា «នារីជនជាតិឡាវ ថ្លឹងគីឡូលក់ឲ្យថៅកែជនជាតិចិន ជាថ្នូរនឹងថ្លៃឈ្នួលរាប់រយបាត» ដែលបង្កឲ្យមានការជជែគវែកញែកឡើងក្តៅគគុក រហូតធ្វើឲ្យមនុស្សជាច្រើនបានគិតថា នេះអាចនាំឱ្យមានការជាប់ពាក់ព័ន្ធក្នុងអំពើពេស្យាចារ និងការផលិតឈុតអាសអាភាស»។
តាមរយៈវីដេអូដែលកំពុងល្បីពេញក្នុងពិភពអនឡាញ បានបង្ហាញអ្នកពាក់ព័ន្ធគឺជាបុរសជនជាតិចិនម្នាក់ ដែលមើលទៅហាក់ដូចជាហៀបនឹងទិញក្មេងស្រីជនជាតិឡាវម្នាក់មកពីជនបទម្នាក់ៗ ដែលត្រូវបានបង្គាប់ឲ្យឈរលើជញ្ជីងដើម្បីថ្លឹងទម្ងន់ ហើយក្រោយមក ត្រូវបានគេលាតត្រដាងថា បុរសជនជាតិចិនរូបនេះបានផ្តល់ប្រាក់ត្រឹមតែ 300,000 kip ឬប្រហែលជាង ១៤ ដុល្លារ ប៉ុណ្ណោះ សម្រាប់ស្ត្រីជនជាតិឡាវម្នាក់ៗ។
ទោះជាយ៉ាងណា ភាពមិនសមរម្យក្នុងសកម្មភាពបែបនេះ វាបានបង្កើតការមិនពេញចិត្ត និងការរិះគន់ជាច្រើនក្នុងចំណោមប្រជាជនឡាវ ស្របជាមួយនឹងព័ត៌មានបន្ថែមពីអ្នកនិយមលេងអ៊ីនធឺណិតថា ការជួញដូរស្ត្រីឡាវបែបនេះ មិនមែនជារឿងថ្មីនោះទេ តែជារឿយៗគេប្រើក្នុងការងារផ្សេងៗដូចជា ការងារទូទៅ ការផ្សាយផ្ទាល់ VK និងពេស្យាចារ ជាដើម។
ជាការពិតណាស់ ពេស្យាចារ គឺប្រហែលមិនខុសច្បាប់នៅក្នុងប្រទេសមួយចំនួន ប៉ុន្តែលក្ខណៈនៃការជួញដូរក្នុងឃ្លីប និងអាយុរបស់ស្ត្រីឡាវដែលហាក់ដូចជាមិនទាន់គ្រប់អាយុបែបនេះ បានធ្វើឲ្យមានការថ្កោលទោស និងការប្រឆាំងពីផ្នែកជាច្រើន។ មានមតិមួយចំនួនរបស់ជនជាតិឡាវបានលើកឡើងថា ទោះបីជាគេនៅមិនទាន់ដឹងច្បាស់ថាតើរឿងនេះជាការពិត ឬយ៉ាងណាក៏ដោយ? ប៉ុន្តែការទម្លាក់តម្លៃនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីឡាវក្នុងឃ្លីបនេះគឺពិតសោកសៅ និងគួរឲ្យព្រួយបារម្ភជាខ្លាំង។
ពួកគេក៏បានថ្កោលទោសចំពោះការនិយាយប្រមាថចំពោះនារីវ័យក្មេងនៅក្នុងឃ្លីបនេះផងដែរ និងបញ្ជាក់ថាមិនគួរធ្វើបែបនេះទេ ព្រោះគ្មានអ្នកណាដឹងថាខ្លួននឹងជួបការលំបាកអ្វីក្នុងជីវិត? ពួកគេមិនមានជម្រើសច្រើនទេ។ មនុស្សខ្លះប្រហែលជាសើចចំអក ប៉ុន្តែប្រសិនបើអ្នកពិតជាបានសាកល្បងបទពិសោធន៍ជីវិតអ្នកស្រុកស្រែ គេនឹងប្រាកដជាអាណិត ហើយមិនខ្វល់ពីជម្លោះរវាងថៃ និងឡាវ ព្រោះវានៅតែពិបាកសម្រាប់ពួកគេក្នុងការរកប្រាក់ចិញ្ចឹមជីវិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង