គេហទំព័រ docnhanh បានរាយការណ៍ឲ្យដឹងថា ដោយសារតែស្ថានភាពគ្រួសារក្រីក្រខ្លាំង ស្ត្រីម្នាក់នៅខេត្តស៊ីឈួន ប្រទេសចិន មិនបានស្តាប់ការជំទាស់របស់ប្តី និងសាច់ញាតិរបស់នាងឡើយ ដោយនាងបានសម្រេចចិត្តចាកចេញពីស្រុក ធ្វើដំណើរជាង ១,៦០០ គីឡូម៉ែត្រ ទៅកាន់ខេត្ត Guangdong ដើម្បីស្វែងរកការងារ ហើយក្នុងរយៈពេលពីរឆ្នាំ នាងបានស៊ូទ្រាំនឹងការលំបាកជាច្រើន។
បន្ទាប់ពីនោះមក នាងទទួលបានការងារល្អ និងរកលុយបានច្រើន។ ជីវិតរបស់នាងហាក់ដូចជាបានវិលត្រឡប់មកវិញ។ ត្រង់ចំណុចនេះ ស្ត្រីរូបនេះបានទិញរថយន្តស្ព័រ Audi A6 ហើយត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីជួបជុំគ្រួសារ។ ប៉ុន្តែពេលនាងបើកឡានមកផ្ទះវិញ នាងពិតជាស្រឡាំងកាំងយ៉ាងខ្លាំង ទៅនឹងអ្វីដែលបានឃើញនៅចំពោះមុខនាង។ នោះគឺផ្ទះគ្រួសារប្តីនាងដែលនាងធ្លាប់រស់នៅ ឥឡូវត្រូវគេបោះបង់ចោល ហើយគ្មានអ្នកណាស្នាក់នៅក្នុងផ្ទះទេ វាហាក់ដូចជាគ្រួសារទាំងមូលបានចាកចេញពីផ្ទះជាយូរមកហើយ។
ពេលសួរអ្នកជុំវិញខ្លួន នាងក៏បានដឹងពីមូលហេតុដែលប្តីនាងបានចាកចេញ ដោយគេបានប្រាប់ថា ដោយសារតែនាងធ្វើការឆ្ងាយ មានពាក្យចចាមអារ៉ាមថា នាងរកលុយបានច្រើនបែបនេះដោយសារនាងធ្វើការជាអ្នកម៉ាស្សា លាងជើងអ្នកដទៃ ធ្វើអន្តរកម្មជាមួយបុរសរាប់មិនអស់ជារៀងរាល់ថ្ងៃ ហើយក៏មិនដឹងថានាងដេកជាមួយមនុស្សប្រុសប៉ុន្មាននាក់ទេ។
ខណៈដែលព័ត៌មានចចាមអារាមនេះរីករាលដាលកាន់តែខ្លាំងឡើង ការមិនពេញចិត្តរបស់បុរសជាប្តី ទៅនឹងប្រពន្ធក៏កើនឡើង។ បុរសជាប្តីរូបនោះមិនចង់ដោះស្រាយជាមួយប្រពន្ធខ្លួនទៀតទេ។ ដូច្នេះ គាត់ក៏បានផ្លាស់ទៅកន្លែងផ្សេង ដោយមិនឲ្យរូបនាងជាប្រពន្ធដឹងនោះទេ។
ស្ត្រីនោះនិយាយទាំងទឹកភ្នែកថា៖ «គាត់គិតថាការងាររបស់ខ្ញុំអាម៉ាស់។ ប៉ុន្តែខ្ញុំបានព្យាយាមដើម្បីគ្រួសារនេះ។ ការងាររបស់ខ្ញុំមិនដូចអ្វីដែលគាត់គិតនោះទេ។ ខ្ញុំមិនដែលធ្វើអ្វីខុសចំពោះប្តី និងក្រុមគ្រួសាររបស់ខ្ញុំទេ។
ខ្ញុំជាស្ត្រី ការចេញទៅធ្វើការមិនងាយស្រួលទាល់តែសោះ។ ការដែលខ្ញុំមកទីនេះវិញក្រោយ២ឆ្នាំ បង្ហាញថាខ្ញុំមិនដែលផ្លាស់ប្តូរចិត្តទេ។ ប៉ុន្តែគាត់មិនជឿខ្ញុំទេ ស្តាប់ពាក្យចចាមអារ៉ាម រួចក៏ចាកចេញទៅជំនួសការជឿជាក់លើខ្ញុំ»។
តែយ៉ាងណា គេក៏មិនដឹងច្បាស់ថាតើប្តីប្រពន្ធនេះ នឹងជួបគ្នាម្ដងទៀតនៅពេលក្រោយ និងដោះស្រាយចំពោះការយល់ខុសមួយនេះ ឬយ៉ាងណាទេ? ប៉ុន្តែរឿងនេះបានបង្កឱ្យមានការកក្រើកពេញបណ្តាញសង្គមដោយមានមតិចម្រុះ។ អ្នកលេងអ៊ីនធឺណិតមួយចំនួនគិតថា អណ្ដាតរបស់អ្នកដទៃគួរឲ្យខ្លាច។ ដូច្នេះហើយអ្នកគួរគិតឲ្យបានច្បាស់មុននឹងនិយាយ បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់គ្រួសារអ្នកដ៏ទៃ ឬសូម្បីតែមានបញ្ហាពីពាក្យដែលនិយាយនោះ។
អ្នកខ្លះរិះគន់ប្តីថា ចិត្តចង្អៀត អ្នកមិនគួរប្រញាប់ជឿពាក្យចចាមអារ៉ាម ហើយប្រព្រឹត្តចំពោះប្រពន្ធរបស់អ្នកបែបនេះទេ។ ប្ដីប្រពន្ធត្រូវទុកចិត្តគ្នាទៅវិញទៅមក បើឈ្លោះគ្នា គេគួរពិភាក្សានិងសម្របសម្រួលសិន កុំធ្វើបែបនេះ។ មនុស្សជាច្រើនមានអារម្មណ៍សោកស្ដាយចំពោះស្ត្រីម្នាក់នេះដែលខំប្រឹងរកប្រាក់ចិញ្ចឹមគ្រួសារ ប៉ុន្តែឥឡូវនេះ ប្តី និងគ្រួសារប្តីរបស់នាងបានបដិសេធទទួលស្គាល់នាង តែពិតជាឆ្ងល់ណាស់ថាតើនាងសោកស្តាយចំពោះការសម្រេចចិត្តកន្លងមករបស់នាងទេ ដែលត្រូវចាកចេញពីផ្ទះទៅធ្វើការឆ្ងាយឬអត់?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង