រូបភាពនៃសកម្មភាពរបស់កូនកំលោះរូបសង្ហារជនជាតិចិន លុតជង្គង់ពាក់ស្បែកជើងឲ្យកូនក្រមុំរបស់ខ្លួនដែលមានរូបឆោមដ៏ស្រស់ស្អាត ហើយបានពោលពាក្យសម្តីដ៏ផ្អែមល្ហែមបំផុតទៅកាន់នាង ដែលបានលេចឡើងនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ គឺពុំត្រឹមតែធ្វើឲ្យនារីៗដែលមានវត្តមាននៅក្នុងពិធីទាំងមូល រំភើបចិត្តជំនួសប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យមហាជនជានារីៗជាច្រើន លួចមានចិត្តច្រណែនដូចគ្នាផងដែរ រហូតមានអ្នកខ្លះប្រលូយពាក្យថា តើមានបុរសបែបនេះទៀតដែរអត់?!។
តើពាក្យពេចន៍ដ៏ផ្អែមរបស់កូនកំលោះរូបនោះ មានអត្ថន័យជ្រាលជ្រៅយ៉ាងណាទៅ!? យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឈុតដ៏មិននឹកស្មានដល់ក្នុងពិធីមង្គលការមួយ បានធ្វើឲ្យនារីជាច្រើនដែលបានចូលរួមឡើងក្រហមមុខ បន្ទាប់ពីឃើញកូនកំលោះលុតជង្គង់នៅចំពោះមុខកូនក្រមុំ ពាក់ស្បែកជើងឲ្យនាង ហើយបានសារភាពពីអារម្មណ៍ដ៏ជ្រាលជ្រៅនិងស្មោះត្រង់ នៃការចង់បានរបស់គាត់ តាមរយៈពាក្យគួរឱ្យស្រឡាញ់បែបនេះថា «បងនឹងមើលថែអូនសម្រាប់ពាក់កណ្តាលដំបូងនៃជីវិតរបស់អូន ហើយអូននឹងមើលថែរបងនៅពាក់កណ្តាលទីពីរនៃជីវិតរបស់បង បងសង្ឃឹមថា ពេលបងចាស់ទៅ អូននឹងមិនរាំជាមួយមនុស្សប្រុសចាស់ណាផ្សេងទៀត ក្រៅពីរូបបងទេ»។
ជាការពិតណាស់ ក្រោយសម្ដីដ៏ផ្អែមល្ហែមរបស់កូនកំលោះបានបញ្ចប់ បានធ្វើឲ្យមនុស្សម្នាជាមិត្តភក្តិ សាច់ញាតិនាំគ្នាទះដៃអបអរគូស្នេហ៍អ្នកទាំងពីរ ហើយថែមទាំងនិយាយថាកូនក្រមុំពិតជាគួរឱ្យច្រណែនណាស់ ព្រោះគ្រប់ពាក្យរបស់កូនកំលោះស្តាប់ទៅគួរឲ្យលេងសើចមែន ប៉ុន្តែ វាក៏ឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់គាត់ ចំពោះដៃគូរបស់គាត់ខ្លាំងណាស់។
ជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គម ក៏បានលើកសរសើរថា ពិធីមង្គលការពិសេសនេះមិនត្រឹមតែបង្ហាញយើងពីអំណាចនៃសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយយើងឱ្យដឹងពីអត្ថន័យពិតនៃសេចក្ដីស្រឡាញ់ផងដែរ។ ដែនកំណត់នៃកត្តាខាងក្រៅដូចជាអាយុ និងរូបរាងគួរតែត្រូវបានគេបោះបង់ចោល សំខាន់គឺការចេះស្រលាញ់ ស្មោះត្រង់ចំពោះគ្នា ដើម្បីស្វែងរកសុភមង្គលពិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង