កំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច បង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានវត្ថុតាងមួយចំនួន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភំ្នស្រួច ខេត្តកំពង់ស្ពឺ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ ដោយមានការសម្របសម្រួល ពីលោកកែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រ ។
ក្នុងកម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ នី វ៉ិត ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ដោយដកហូតវត្ថុតាង សម្ភារៈរួមមាន ៖ ជញ្ជីងថ្លឹងថ្នាំញៀន១ ថ្នាំម៉ាទឹកកក ២កញ្ចប់ស្មើ ៣៦,៣១ ក្រាម ដបជក់ថ្នាំ១ គ្រាប់កាំភ្លើងចំនួន២៦គ្រាប់ កំប៉ុងបាញ់ហ្គាស១ ស្លាកលេខម៉ូតូ១ ដែកកេសចំនួន៩ ទុយោជ័រចំនួន ១ថង់ កន្ត្រៃ១ កូនសៀវភៅ១ ប៊ិច១ដើម ទូរស័ព្ទ១គ្រឿង ម៉ូតូចំនួន២គ្រឿង ថង់ច្រកថ្នាំចំនួន៦៤០ថង់ អាកូម១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ នឹងវត្តុតាង សម្ភារៈទាំងអស់ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធី ច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ