រូបភាពពិធីមង្គលការរបស់គូស្នេហ៍វ័យចំណាស់មួយគូមួយ ជាជនជាតិវៀតណាម ដែលត្រូវបានដឹងថា ខាងស្រីជាគូស្នេហ៍ចាស់ និងសុខចិត្តនៅលីវរហូតមិនយកប្តី ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិត នាំគ្នាចែករំលែកតៗគ្នាឡើងព្រោងព្រាត និងអបអរដល់គូស្វាមីភរិយាថ្មីថ្មោងថា អាយុមិនមែនជាឧបសគ្គនោះទេ។
ពិធីមង្គលការនេះត្រូវបានរៀបចំដូចគូស្នេហ៍ដទៃទៀតផងដែរ ខណៈកូនក្រមុំស្លៀករ៉ូបប្រពៃណីពណ៌ក្រហម។ អ្វីដែលបណ្ដាញសង្គមចាប់អារម្មណ៍ទៀតនោះ គឺគូស្នេហ៍មួយគូនេះមិនអាចលាក់ស្នាមញញឹមដ៏រីករាយរបស់ខ្លួនបានឡើយ ខណៈដែលពួកគេបានដើរទន្ទឹមគ្នាដើម្បីទទួលពរពីញាតិសន្ដាន និងមិត្តភ័ក្ដិ។
កូនកំលោះឈ្មោះ វ៉ាន់ ទួន អាយុ ៦៥ ឆ្នាំ ជាជនជាតិវៀតណាម។ ប៉ុន្តែដោយសារភាពចាំបាច់មួយចំនួន គាត់ត្រូវផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក កាលពី៤០ឆ្នាំមុន។ ដោយសារឧបសគ្គនៃការឃ្លាតឆ្ងាយ លោក វ៉ាន់ ទួន ត្រូវបាត់បង់ទំនាក់ទំនងជាមួយនឹងកញ្ញា ធៀវ ដែលជានារីស្នេហ៍ដំបូងរបស់គាត់។
ពេលរស់នៅអាមេរិក លោក វ៉ាន់ ទួន បានជួបស្នេហាថ្មី ហើយក៏បានរៀបការនិងបង្កើតគ្រួសាររហូតដល់ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែ ជាអកុសល ប្រពន្ធគាត់បានស្លាប់ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្រោយពីបាត់បង់ប្រពន្ធ គាត់ក៏នឹកឃើញពីស្នេហាគ្រាដំបូងរបស់គាត់ នៅឯស្រុកកំណើត (ប្រទេសវៀតណាម)។
លោក វ៉ាន់ ទួន បានប្ដេជ្ញាស្វែងរកស្នេហ៍ដំបូងរបស់លោកដែលកូនៗគាំទ្រ ហើយពួកគេសង្ឃឹមថាឪពុកនឹងមិនឯកោទេ គាត់នឹងមានមនុស្សជាទីស្រលាញ់ម្នាក់ទៀត ចូលមករស់នៅក្បែរ និងមើលថែគ្នានៅចុងបញ្ចប់នៃជីវិតរបស់គាត់។
លោក វ៉ាន់ ទួន បានចាប់ផ្តើមស្វែងរកព័ត៌មានអំពីអ្នកស្រី ធៀវ មុនពេលដឹងថា អ្នកស្រីនៅមានជីវិតនៅឡើយ។ អ្វីដែលសំខាន់ គឺគាត់មិនបានរៀបការទេ ហើយនៅលីវរហូត។ មកដល់ពេលនេះ អ្នកស្រី ធៀវ មានអាយុ៦២ឆ្នាំហើយ ដែលធ្វើឱ្យលោក វ៉ាន់ ទួន គោរពបេះដូងគូស្នេហ៍ចាស់ជាខ្លាំង។ លោក ទួន សារភាពប្រាប់អ្នកស្រី ធៀវ ថា ចិត្តខ្ញុំនៅតែស្រលាញ់អ្នក ហើយតើអ្នកនៅតែស្រលាញ់ខ្ញុំទេ? តើស្នេហាចាស់របស់យើងអាចរស់ឡើងវិញបានទេ? ភ្លាមៗនោះ អ្នកស្រី ធៀវ ឆ្លើយតបថា «ខ្ញុំមិនដែលភ្លេចគាត់ឡើយ ហើយមិនដែលមានស្នេហាថ្មីទេ ខ្ញុំចង់នៅលីវបែបនេះរហូតដល់ស្លាប់»។ អ្នកស្រី ធៀវ បន្តថា «ខ្ញុំក៏មិនរឹងមាំដែរ មិនអីទេ ខ្ញុំនៅតែស្រឡាញ់អ្នកដដែល»។
បន្ទាប់ពីបានយល់ពីជម្រៅចិត្តស្មោះដែលលោកតា វ៉ាន់ ទួន មានចំពោះគាត់ ជាហេតុធ្វើឱ្យអ្នកស្រី ធៀវ សម្រេចចិត្តរៀបការរស់នៅជាមួយគ្នាជាចុងក្រោយ។
យ៉ាងណាមិញ ក្រោយពិធីរៀបការបាន ១០ ថ្ងៃ លោក Wan Tuan ក៏ត្រូវត្រឡប់ទៅធ្វើការនៅអាមេរិកវិញ ដោយគាត់បានធ្វើដំណើរតែម្នាក់ឯងប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ដោយសារគាត់បារម្ភថា អ្នកស្រី ធៀវ អាចនឹងមិនស្រួលខ្លួនជាមួយនឹងអាកាសធាតុត្រជាក់។ គូស្នេហ៍មួយគូនេះបានយល់ព្រមរក្សាទំនាក់ទំនងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយគាត់នឹងធ្វើដំណើររវាងប្រទេសទាំងពីរកាន់តែញឹកញាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង