យុវជនឥណ្ឌាម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបានព្យាយាមបន្លំចូលប្រឡងនៅសកលវិទ្យាល័យពេទ្យ Punjab ជំនួសឲ្យមិត្តស្រីរបស់ខ្លួន ដោយតុបតែងខ្លួន ពាក់កងដៃ លាបក្រែមបបូរមាត់ ក្រចកដៃ និងស្លៀកសំលៀកបំពាក់នារីទាំងស្រុង។
មន្ត្រីនៅសាកលវិទ្យាល័យ Baba Farid University of Health Sciences ក្នុងសង្កាត់ Faridkot នៃរដ្ឋ Punjab បាននិយាយថា យុវជនឈ្មោះ Angresh Singh បានបន្លំខ្លួនជាសង្សាររបស់រូបគេ ដោយសង្ឃឹមថានឹងអាចចូលប្រឡង ដោយប្រើអត្តសញ្ញាណប័ណ្ណពិតរបស់មិត្តស្រី និងបានបិទរូបនោះជាមួយនឹងរូបភាពខ្លួនឯងស្លៀកពាក់ជាមនុស្សស្រី។
ថ្វីត្បិតតែវាស្តាប់ទៅងាយស្រួលក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែប្រព័ន្ធប្រឡងគឺច្បាស់លាស់ណាស់ ដោយសិស្សត្រូវដាក់ស្នាមមេដៃសម្រាប់ម៉ាស៊ីនស្កេន។ ហេតុនេះវាមិនស៊ីសង្វាក់គ្នានឹងប្រព័ន្ធឡើយ ដោយសារតែពួកគេជាមនុស្សខុសគ្នា ដូច្នេះហើយទើបធ្វើឱ្យករណីនេះត្រូវបានរកឃើញតែម្តង។
របាយការណ៍បាននិយាយថា Angres បានស្លៀកពាក់ជាស្ត្រីក្នុងឈុតមួយ ពាក់ខ្សែកក្រហម និងលាបក្រែមបបូរមាត់ ដើម្បីឲ្យមើលទៅដូចធម្មជាតិតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែនៅទីបំផុត ក្រៅពីមិនបានប្រឡងនោះ មិត្តស្រីក៏ត្រូវបានពិន័យមិនឲ្យប្រឡងទៅថ្ងៃមុខដែរ។ លើសពីនេះ អ្នកទាំងពីរត្រូវមានទោសទណ្ឌថែមទៀតផង។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឲ្យប្រព័ន្ធអប់រំរបស់ប្រទេសឥណ្ឌា ត្រូវបង្កើនការពង្រឹងពីសារៈសំខាន់ការសិក្សា និងវិធានការសន្តិសុខ ក្នុងអំឡុងពេលប្រឡង ដើម្បីទប់ស្កាត់សកម្មភាពក្លែងបន្លំ និងរក្សាភាពជឿជាក់នៃប្រព័ន្ធប្រឡង គឺដើម្បីជៀសវាងការប៉ុនប៉ងមិនធម្មតាបែបនេះកើតឡើងនាពេលអនាគតទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង