នេះគឺជារឿងប្លែកមួយ នៅពេលបុរស ២នាក់ និងស្ត្រីម្នាក់បានរួមដៃគ្នា លួចត្រីឆ្លាមមួយក្បាល ពីអាងចិញ្ជឹមត្រីពិព័រណ៍ រួចបានរុំវាឲ្យដូចទារក ដាក់ចូលក្នុងរទេះរុញធ្វើមិនដឹង។
រឿងហេតុចម្លែកនេះបានកើតឡើងនៅអាងចិញ្ចមត្រី San Antonio ក្នុងរដ្ឋ Texas កាលពីសប្តាហ៍មុន។ កូនត្រីឆ្លាមប្រវែងជិតកន្លះមែត្រ ត្រូវបានជនសង្ស័យលួចចាប់ពីក្នុងអាង ពិព័រណ៍ ខណៈពេលដែលឆ្មាំកំពុងតែទៅជួយភ្ញៀវអ្នកចូលទស្សនានៅកន្លែងផ្សេង។
ជាសំណាងល្អ កូនត្រីឆ្លាមនោះមិនមានគ្រោះថ្នាក់អ្វីនោះទេ បន្ទាប់ពីប៉ូលិសរកវាឃើញ និងបានបញ្ជូនវាត្រឡប់មកផ្ទះរបស់វាវិញ។
បើតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនសង្ស័យបានយកមងផ្ទាល់ខ្លួនដើម្បីមកចាប់ត្រីឆ្លាមមានបូក (Horn shark)។ បន្ទាប់ពីចាប់បានត្រីឆ្លាមពីទឹក ពួកគេបានយកធុងមកដាក់ និងរុំវា រួចដាក់ចូលក្នុងរទេះរុញ និងប្រយ៉ាប់ដើរចេញទៅខាងក្រៅយ៉ាងលឿន។
ប៉ូលិសបញ្ជាក់ថា បុរសម្នាក់បានចាប់កន្ទុយត្រីឆ្លាម ខណៈមានមនុស្ស ២នាក់ទៀតជួយរុំវាដោយកន្លែងសើម មុនពេលដាក់វាចូលធុង និងរទេះរុញ។
ជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីមានការស៊ើបអង្កេត ហើយពួកគេទទួលសារភាពថា ពួកគេពិតជាបានលួចត្រីឆ្លាមពីអាងមែន។ ជនសង្ស័យកំពុងប្រឈមនឹងការចោទប្រកាន់ពីបទលួច៕ សុភ័ក្រ្ត
ប្រភព៖ Ndtv