លោកវេជ្ជបណ្ឌិត Chen Rongjian មកពីមន្ទីរពេទ្យ Min Sing General កោះតៃវ៉ាន់ បានចេញមកបង្ហាញពីករណីបុរសអាយុ ៣០ ឆ្នាំម្នាក់ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺស្ទះពោះវៀនធ្ងន់ធ្ងរ បន្ទាប់ពីចូលមកព្យាបាលដោយមានអការឈឺពោះខ្លាំង បណ្តាលមកពីការទទួលទានគ្រឿងសមុទ្រច្រើនពេក សម្រាប់អាហារមួយពេល។
យុវជននោះត្រូវបានដឹងថា រូបគេបានចូលរួមពិធីជប់លៀងឆ្លងឆ្នាំ ជាមួយក្រុមហ៊ុននៅពេលល្ងាច។ ដោយសារស្ថានភាពសេដ្ឋកិច្ចលំបាកក្នុងឆ្នាំកន្លងទៅ ដូច្នេះគាត់កម្រចេញទៅញ៉ាំអីណាស់ ហេតុនេះហើយបានគិតថានេះជាឱកាសមួយដើម្បីរីករាយជាមួយអាហារប៊ូហ្វេ ដែលបម្រើអាហារឆ្ងាញ់ និងមានតម្លៃថ្លៃ ដូច្នេះគាត់បានញ៉ាំយ៉ាងលោភលន់អស់រយៈពេលជិតពីរម៉ោង ជាពិសេសអាហារសមុទ្រដែលគាត់ចូលចិត្តជាពិសេស។ ពេលគាត់រកឃើញបង្គាធំ ស្រស់ និងឆ្ងាញ់ គាត់បានហូបអស់ជាង ៥០ ក្បាល។
មិត្តរួមការងារមួយចំនួនបានកត់សម្គាល់ពីទម្លាប់នៃការញ៉ាំរបស់គាត់ ហើយខ្លាចថាវានឹងមានផលអាក្រក់ដល់ក្រពះ ដូច្នេះពួកគេក៏បានណែនាំឱ្យគាត់ហូបអាហារក្នុងបរិមាណត្រឹមត្រូវ។ ប៉ុន្តែគាត់មិនអើពើនឹងការព្រមាននោះទេ ហើយបន្តហូបទៀត រហូតមកដល់ចំណុចដែលគាត់មានអារម្មណ៍ថាឆ្អែតពេក ហើយមិនអាចហូបបានទៀតឡើយ។ ពេលនោះពោះគាត់ហើមខ្លាំង សូម្បីតែអង្គុយក៏មិនស្រួល។ ក្រោយមក ក៏បានសម្រេចចិត្តក៏ទៅផ្ទះដើម្បីសម្រាក។
ប៉ុន្តែប្រហែលមួយម៉ោងក្រោយមក គាត់មានអារម្មណ៍ឈឺចាប់ខ្លាំងនៅក្នុងពោះ និងព្យាយាមអត់ធ្មត់ ដោយលេបថ្នាំដើម្បីជួយដល់ការរំលាយអាហារ សង្ឃឹមថាស្ថានភាពនឹងប្រសើរឡើង ប៉ុន្តែមិនបានផលនោះទេ។ ការឈឺចាប់កាន់តែខ្លាំងឡើង ខណៈពោះរបស់គាត់ហើម តឹងមិនអាចទ្រាំទ្រ ហើយគ្មានជម្រើសផ្សេង គាត់ក៏សុំមិត្តរួមបន្ទប់ឲ្យហៅឡានមកដឹកទៅមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិតបានបន្តថា ពេលឃើញអ្នកជំងឺជាបុរសម្នាក់នេះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ គាត់មានការតក់ស្លុតជាខ្លាំង ព្រោះទំហំពោះធំជាងមនុស្សធម្មតាជិត៥ដង ខណៈរាងកាយអ្នកជំងឺរាងស្គមស្តើងសោះ។ ការស្ទះពោះវៀនមានមូលហេតុជាច្រើន ហើយជារឿយៗវាទាក់ទងនឹងការហូបចុក ដូចជាក្នុងករណីបុរសដែលបានរៀបរាប់ខាងលើ បណ្តាលមកពីការញ៉ាំច្រើនពេក។ ជំងឺនេះមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលវារលាក។ សន្ទស្សន៍នៃការឆ្លងនឹងកើនឡើង ដែលវាអាចនឹងត្រូវការការវះកាត់សង្គ្រោះបន្ទាន់ដើម្បីសង្គ្រោះជីវិត។
ក្រៅពីការញ៉ាំច្រើនភ្លាមៗ គ្រូពេទ្យក៏ព្រមានពីទម្លាប់ញ៉ាំអាហារមិនល្អផ្សេងទៀតដែរ ដែលអាចបណ្តាលឱ្យស្ទះពោះវៀនបានយ៉ាងងាយ ដូចជា ញ៉ាំលឿនពេក មិនទំពារអាហារឱ្យបានហ្មត់ល្អ ផឹកទឹកតិចពេក ខ្វះបន្លែ និងផ្លែឈើពណ៌បៃតង លេបឆ្អឹងខ្ចី ឬលេបគ្រាប់ផ្លែឈើ រួមទាំងការបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង