អត្តពលិកវ័យចំណាស់ម្នាក់ ដែលបានចូលរួមក្នុងការរត់ម៉ារ៉ាតុងទ្រង់ទ្រាយធំនៅ Hangzhou ប្រទេសចិន កាលពីឆ្នាំ ២០១៨, ២០១៩ និង ២០២២ និងថែមទាំងបានឈ្នះខ្លួនឯង ជាមួយវិញ្ញាបនបត្រនៃសមិទ្ធិផលសម្រាប់ការរត់ម៉ារ៉ាតុង បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណិត បន្ទាប់ពីរូបភាពដ៏មិនធម្មតារបស់គាត់ជក់បារី ខណៈកំពុងរត់នៅឯម៉ារ៉ាតុង បានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
តែយ៉ាងណាមិញ បន្ទាប់ពីរូបភាពនេះបានក្លាយជាប្រធានបទជជែកដេញដោលគ្នា និងមតិរិះគន់អវិជ្ជមានឥតឈប់ឈរ ក្នុងចំណោមអ្នកលេងអ៊ីនធឺណិត សមាគមអត្តពលិកចិន នៅក្នុងឆ្នាំ២០២២ ក៏បានធ្វើសេចក្តីប្រកាសមួយទាក់ទងនឹងបញ្ហាជក់បារីនេះ ដោយបានសង្កត់ធ្ងន់ថា ការជក់បារីនៅទីសាធារណៈនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងអ្នកដទៃ ដូច្នេះហើយ សូមណែនាំដល់បេក្ខជនបេក្ខនារីត្រូវរក្សាភាពស៊ីវិល័យ និងក្លាយជាបេក្ខនារីដែលមិនជក់បារី។
ដោយឡែក ថ្មីៗនេះ អ្នករត់ប្រណាំងវ័យ៥២ឆ្នាំរូបនេះដែលគេស្គាល់ថា «លោកពូ Chen» ធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយ ខណៈបានចូលរួមប្រកួតរត់ម៉ារ៉ាតុងក្នុងទីក្រុង Xiamen កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយក «កញ្ចប់មហារីក» របស់គាត់ដូចមុន ហើយបានឈានដល់វគ្គបញ្ចប់នៅម៉ោង ៣ ម៉ោង ៣៣ នាទី និងទទួលបានជាប់ចំណាត់ថ្នាក់លេខ ៥៧៤ ក្នុងចំណោមអ្នករត់ជាង ១៥០០ នាក់។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រណាំងបានបញ្ចប់ គណៈកម្មាធិការបានហាមលោកពូ Chen រយៈពេល២ឆ្នាំ ហើយបានប្រកាសលទ្ធផលរត់មិនត្រឹមត្រូវ ផ្អែកលើបទប្បញ្ញត្តិមួយដែលចែងថាៈ អ្នកប្រកួតប្រជែងត្រូវបានហាមឃាត់មិនឱ្យបង្ហាញអាកប្បកិរិយាមិនសមរម្យ ដូចជាការបន្ទោរបង់នៅកន្លែងបើកចំហ ការជក់បារី ការដើរលើគុម្ពោតផ្កា ឬតំបន់បៃតង ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងសុវត្ថិភាពរបស់អ្នករត់ប្រណាំងផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង