នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អ្នកប្រើប្រាស់ X @ RedSkullxxx បានបង្ហោះឃ្លីបបង្ហាញពីអាកប្បកិរិយាដ៏គ្រោះថ្នាក់របស់នារីវ័យក្មេងជនជាតិថៃម្នាក់ នោះគឺដោយសារនារីរូបស្រស់ស្អាតរូបនេះបានដើរជាមួយនឹងដង selfie ថតវីដេអូ នៅកណ្តាលផ្លូវសាធារណៈ ខណៈពេលដែលមានរថយន្តចរាចរទៅមកលឿនៗ។
ទំព័រខាងលើក៏បានភ្ជាប់សារសម្តែងការហួសចិត្តថា៖ «តើធ្វើបែបនេះត្រឹមត្រូវដែរឬទេ? ព្រោះតែចង់ល្បីនៅលើបណ្តាញសង្គម តែនាងមិនគិតពីហានិភ័យគ្រោះថ្នាក់សោះ។ បើយុវវ័យឃើញហើយ យកវីដេអូនេះបង្ហោះលើ TikTok ប្រហែលជាមិនល្អទេ ព្រោះវាផ្តល់នូវគំរូដ៏អាក្រក់»។
ក្រោយមក មានអ្នកនិយមលេងអ៊ីនធឺណិតបានមកផ្តល់ព័ត៌មានថា ស្រីស្អាតនៅក្នុងវីដេអូនេះជាមនុស្សល្បីឈ្មោះ នាងគឺជាកូនស្រីពៅរបស់អតីតមន្ត្រីយោធាម្នាក់ ហើយមានអ្នកតាមដាន Instagram ជិត 100,000 ។
បន្ទាប់ពីវីដេអូនៃសកម្មភាពដ៏ហួសចិត្តនេះ ត្រូវបានគេផ្សព្វផ្សាយ មនុស្សនៅលើអ៊ីនធឺណិតបានរិះគន់វាយ៉ាងខ្លាំង។ ក្នុងនោះ ពួកគេបានលើកឡើងថា បើទោះជាមិនខ្លាចរថយន្តបុក តែទង្វើរបស់នាងអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពអ្នកដទៃដែលប្រើផ្លូវ។ គេក៏បានមើលឃើញថា ការធ្វើនេះគឺព្រោះតែចង់ឲ្យវីដេអូល្បីដោយមិនបានយកចិត្តទុកដាក់ចំពោះភាពត្រឹមត្រូវ។
លើសពីនេះ ក៏មានអ្នកបញ្ចេញបន្ថែម ពីទង្វើរបស់នារីក្នុងឃ្លីបនោះ ដែលមានអាកប្បកិរិយាស្រដៀងគ្នានេះកាលពីពេលមុន ដោយបានបង្កើតខ្លឹមសារវីដេអូថតនៅលើរថភ្លើងក្រោមដីសាធារណៈ ដែលធ្វើឲ្យមនុស្សម្នាជាច្រើននៅជុំវិញ មានការងឿងឆ្ងល់ និងក៏ដូចហួសចិត្តខ្លាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង